នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
លោក Dato Lim Jock Hoi បានមានប្រាសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការពេញចិត្តចំពោះការេរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងលេខាធិការដ្ឋានអាស៊ានដើម្បីជំរុញការងារអាស៊ានឲ្យកាន់តែល្អប្រសើរឡើង។
លោក Dato Lim Jock Hoi ក៏បានជ្រាបជូន សម្តេចតេជោ ផងដែរអំពីអាគារថ្មីនៃលេខាធិការដ្ឋានអាស៊ាន ដែលមានទីតាំងនៅទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ១៦ជាន់មានទំហំធំទូលាយដែលអាចប្រើសម្រាប់កិច្ចការប្រជុំអាស៊ានបានយ៉ាងងាយស្រួល ព្រោះយ៉ាងហោចណាស់ក្នុងមួយឆ្នាំក៏មានកិច្ចប្រជុំជាង ១៦០០ដង។ ទន្ទឹមនឹងនេះ គឺអាគារថ្មីនេះនឹងជួយសន្សំសំចៃកាត់បន្ថយការចំណាយ ផ្សេងៗពេលប្រជុំអាស៊ានផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ពន្ធ័ នឹងអាគារថ្មីរបស់លេខាធិការដ្ឋានអាស៊ានដែលទើបបានរៀបចំ។ សម្តេចតេជោ ក៏បានយល់ស្រប ថាពិតជាមានការប្រជុំច្រើនមែន ក្នុងពេលដែលអាស៊ានកំពុងជំរុញសមាហរណកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានថ្មីនេះ ពិចារណាធ្វើយ៉ាងណាជំរុញពន្លឿនកិច្ចការទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលបានព្រមព្រៀងគ្នារួចមកហើយ ព្រមទាំងស្នើឲ្យមានការយកចិត្តទុកដាក់ជាអាទិភាពចំពោះកិច្ចការសមាហរណកម្មរអាស៊ានតែម្តងដែលជាអទិភាពរបស់កម្ពុជា និងបណ្តា ប្រទេសអាស៊ានផងដែរ។
នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ សម្តេចតេជោ បានស្នើលោកអគ្គលេខាធិការអាស៊ានជួយជំរុញបេក្ខភាពប្រទេសទីម័រលេសអោយឆាប់បានចូលសមាជិកអាស៊ានផងដែរ។ ប្រសិនបើមានការងារសំខាន់ចាំបាច់ទាំងឡាយណាដែលកម្ពុជាអាចជួយសម្រួលបាន គឺកម្ពុជារីករាយចូលរួមជានិច្ច។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានស្នើអោយមានការពង្រឹងសហគមអាស៊ានទាំងមូលឡើងវិញអោយសក្តិសមជាសហគមដែលមានសម្លេង និងតម្លៃស្មើមុខស្មើមាត់ជាមួយសហគមអន្តរជាតិនានា ដូចជា សហគមអ៊ឺរ៉ុបជាដើម។ លោកអគ្គលេខាធិការអាស៊ានបានយល់ស្រប និងទទួលយកនូវសំណើលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ហើយសន្យានឹងខិតខំជំរុញកិច្ចការទាំងអស់នេះអោយមានដំណោះស្រាយបានឆាប់រហ័ស៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ