ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងសិប្បកម្មកែច្នៃជ័រកៅស៊ូក្រែបមួយកន្លែងស្ទើរតែទាំងស្រុង នៅឃុំកំពាន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រោងសិប្បកម្មចំហុយជ័រកៅស៊ូក្រែបទំហំ៣០ គុណ៧០ម៉ែត្របានរងការឆាបឆេះអស់ប្រមាណ៧០ភាគរយ ដែលផ្តើមឡើងពីគំនរអុសស្ងួតទៅប៉ះនឹងឡចំហុយជ័រកំពុងមានកម្តៅឡើងខ្លាំងបណ្តាលឲ្យឆេះតែម្តង ។

គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២យប់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ឋិតនៅចំណុចគីឡូម៉ែត្រលេខ៤១ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ចាស់សិប្បកម្មឈ្មោះ ត្រាយ ប៉េងសេង ភេទប្រុស អាយុ៥៧ឆ្នាំ ។

ម្ចាស់សិប្បកម្មបានឲ្យដឹងថា ករណីឆេះនេះបានបង្កឲ្យខូចខាតរោងសិប្បកម្ម (ឡចំហុយជ័រកៅស៊ូក្រែប) ទំហំ ៣០x ៧០ ម៉ែត្រ ប្រមាណជា៧០ ភាគរយ និងអុសឈើកំពស់២ទៅ៣ ម៉ែត្រ សរុប៣០០ម៉ែត្រគូប ។ ប៉ុន្តែមិនបង្កឲ្យរបួស ឬប៉ះពាល់ដល់អាយុជីវិតមនុស្ស និងផ្ទះសំបែងប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ។

តាមការបញ្ជាក់មូលហេតុពីកម្មករបានឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះនេះមកពីគំនរអុសឈើនោះស្ងួត ទៅប៉ះនឹងឡចំហុយជ័រកំពុងដុតមានកំដៅក្តៅខ្លាំងបណ្តាឲ្យឆាបឆេះតែម្តង ។

កម្មករបញ្ជាក់បន្តថា អុសមកម្តងៗ កម្មករចេះតែរើបោះពីលើរថយន្តគរលើគ្នាដោយគ្មានសណ្តាប់ធ្នាប់ ហើយបានធ្លាក់រាលទៅជាប់នឹងជញ្ជាំងឡចំហុយជ័រកៅស៊ូដែលដុតស្ទើរតែ ២៤/២៤ ម៉ោង ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ឆេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកមេមត់ចុះទៅ អន្តរាគមន៍ភ្លាមៗ ដោយសហការជាមួយរថយន្តពន្លត់អគ្គីភ័យស្រុកតំបែរ , រថយន្តស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ និងមានជួយពន្លត់ពីរថយន្តទឹករបស់ក្រសួងអភិវឌ្ឍជនបទ រហូតដល់ម៉ោង ០៩ និង ៥៥ នាទី ទើបរលត់ជាស្ថាពរ ៕ វណ្ណះ


ចែករំលែក៖