ខេត្តសៀមរាប៖ បុរសវ័យ៥១ឆ្នាំម្នាក់តូចចិត្ត បងមិនឲ្យដីសម្រេចចិត្ត ទៅប្តឹងឃុំ ខណៈពេលនោះមិនបានសម្រេច ក៏ដើរចេញបាត់ពីផ្ទះ ត្រូវបានបងប្អូននិងប្រជាពលរដ្ឋ ប្រទះឃើញចងកសម្លាប់ខ្លួន នឹងក្រមា ពណ៌ក្រហម ភ្ជាប់នឹងដើមត្រាងកម្ពស់១ម៉ែត្រកន្លះ ខាងក្រោយ ផ្ទះចម្ងាយ១គីឡូម៉ែត្រ ពីភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅ វាលអណ្តាស ក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ផេង ពេជ្រ ប្រធានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្តសៀមរាបបានប្រាប់នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ថា មុនកើតហេតុ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះចងកក្រមា ពណ៌ក្រហមទៅនឹងដើមត្រាង រួចរត់មកប្រាប់សមត្ថកិច្ចមូលដ្ឋាន ហើយរាយការណ៍បន្តមកឲ្យខេត្ត ទើបលោកបានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ រួចកាត់ក្រមាពី ដើមឈើ ទំលាក់មកដី ដើម្បីត្រួតពិនិត្យ។
លោកបានបន្តថា ជនរងគ្រោះឈ្មោះ អោន ពៅ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្រោយសាកសួរ ជុំវិញក្រុមគ្រួសាររួចមក ពួកគាត់បានប្រាប់សមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះ ចងកសម្លាប់ខ្លួននោះ គឺដោយសារ (រឿងដីធ្លី)ខឹងបងប្អូន សុំដីធ្លី ភូមិកេរិ៍របស់ ឪពុក ម្តាយមិនបាន ហើយគាត់បានទៅប្តឹងឃុំ ប៉ុន្តែមិនបានដូចបំណង ខណៈពេលនោះក៏បាត់គាត់ពីផ្ទះទាំងយប់នៅថ្ងៃទី៣១ ខែមីនា ហើយពួកខ្ញុំនិងបងប្អូននៅក្នុងភូមិក៏ជួយដើររកដែរ តែរកមិនឃើញ រហូតដល់ វេលាម៉ោង២រសៀលថ្ងៃទី៣ ខែមេសា ឃើញមានលិខិតអញ្ជើញ សម្រុះសម្រួលករណីវិវាទដីធ្លី ឲ្យមកសាលាឃុំព្រះដាក់ ប៉ុន្តែនៅមិនឃើញជនរងគ្រោះទៀត។ ទើបពួកខ្ញុំ ខំនាំគ្នាស្វែងរកបន្តទៀត ក៏ប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនឯងទៅហ្នឹងក្រមាពណ៌ក្រហម ភ្ជាប់នឹងដើមត្រាង ខាងក្រោយផ្ទះចំងាយ១គីឡូម៉ែត្រពីភូមិ។
លោកបានបញ្ជាក់ថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួចមក កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្ថឃាតចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន មិនមែនករណីឃាតកម្មអ្វីទេ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕ ប៊ុនរិទ្ធី