ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូន យុវសិស្ស២នាក់ ម្នាក់រៀននៅសាលាវ៉េសឡាញ និងម្នាក់ទៀតជាសិស្សវិទ្យាល័យបឹងត្របែក ហើយក៏ជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវយ៉ាងសកម្មទៅតុលាការ ដើម្បីបន្តនីតិវិធី ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវយ៉ាងសកម្មខាងលើនេះ កាលពី ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៥០នាទីរសៀល នៅចំណុចមុខមជ្ឈមណ្ឌលកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ២ ករណី ។
មន្រ្តីដដែរបន្តទៀតថា ករណី ទី១ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ IPhone )កាលពីថ្ងៃទី១៥ ខែ៣ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នូវចំនុចគល់ស្ពានឥន្ធូរ មុខភោជនីដ្ធាន អលមែនសេវេនសុី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។
ករណីទី២ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៤,៤០ នាទី ។
ជនសង្ស័យទី១-ឈ្មោះ តុលា ដាវុធ ហៅ ពុយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី ១១(ក១) ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ឡេង សុផា ហៅ ប៊យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សសាលាវ៉េសឡាញ ថ្នាក់ទី ១១(ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សម្ភារៈចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៨ លេខតួ ៨១២៤០៣១ លេខម៉ាស៊ីន ៨១២៤០៣១ គ្មានស្លាកលេខ ។ ចំណែកវត្ថុតាងចាប់យកមាន៖ មួកសុវត្ថិភាព ពណ៌ ស ម៉ាក SPC ពាក់ពេលធ្វើសកម្មភាព ចំនួន១ -ស្បែកជើងផ្ទាត់ ពណ៌ស ខ្មៅ ពាក់ពេលធវើសកម្មភាពចំនួន ១ គូ ។ រីឯជនរងគ្រោះឈ្មោះ WANG YU ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E ៩៩២៤៣៧៧៤ មុខរបរ ពាណិជ្ជករ ស្នាក់នៅ សណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ប្រាក់ដុល្លារ៩៧០០ដុល្លារអាមេរិក,-ប្រាក់ហុងកុងចំនួនប្រហែល៣០០០ ,-ប្រាក់ចិន ១៩០០-លិខិតឆ្លងដែន ចំនួន០១,-បណ្ណ័បើកបរប្រទេសចិន ចំនួន០១,-បណ្ណ័ការងារ ចំនួន១ -ទូរសព្ទ័ដៃចំនួន ២ គ្រឿង ម៉ាកIPhone6s ពណ៌ ផ្កាឈូក ចំនួន១ និងម៉ាកសាន់ម៉ី៦ ពណ៌ ខ្មៅ ស៊ីមកាតលេខ ២០៨៦១៣២៩០០ លេខប្រទេសចិន ចំនួន ១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា