ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាថ្លើមធំមែនហ៊ានចូលលួចម៉ូតូគេទុកនៅក្នុងផ្ទះ ម្ចាស់គេទាន់ចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេចូលលួចម៉ូតូដល់ក្នុងផ្ទះមិនសម្រេច បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១២និង៤០នាទី នៅចំណុចផ្ទះលេខ១៨២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា ជនសង្ស័យឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើភូមិខ្ពក ឃុំខ្ពក ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកម្ចាស់ម៉ូតូឈ្មោះ អុី ស៊ុយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះលេខ១៨២ ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ម្ចាស់ម៉ូតូនិយាយថា បានទុកម៉ូតូសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FX.9943 នៅមុខផ្ទះ ចាក់សោកត្រឹមត្រូវ ហើយចូលទៅសម្រាកបានមួយសន្ទុះ លេចមុខជនសង្ស័យកាច់សោកម៉ូតូ ជិះចេញ ក៏ស្រែកចោរៗ ពេលនោះ ជនសង្ស័យភ័យផ្តួលម៉ូតូហើយរត់គេចខ្លួន តែត្រូវពលរដ្ឋដេញចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ជនសង្ស័យថា ខ្លួនបានអោយបក្ខពួកគេម្នាក់ទៀតឌុបពីម្តុំសួនកាណាឌីយ៉ា ផ្លូវវេងស្រេង លុះមកដល់ចំណុចខាងលើ ឃើញម៉ូតូ១គ្រឿងទុកនៅមុខផ្ទះក្នុងសភាពស្ងាត់ ក៏ចូលកាច់បំបែកគ្រាប់សោ បញ្ឆេះជិះចេញ មិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការ ។ ចំណែម៉ូតូ ប្រគល់ឲ្យម្ចាស់ដើមវិញ៕ តុង សីហា


ចែករំលែក៖