ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌដូនពេញ ប្ដេជ្ញារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យល្អប្រសើរ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកកម្សាន្តសប្បាយក្នុងឆ្នាំថ្មី ជាពិសេស “សង្រ្កាន្តវត្តភ្នំ”

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និង លោក សាន ណារិទ្ធ ប្រធានស្តីទីប្រជាការពារខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងសង្កាត់ពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ,មហាវិថីសហព័ន្ធរុស្សី, ផ្លូវលេខ៤៧-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង, សួនច្បារសម្តេចហ៊ុនសែន-សួនច្បារខាងលិច-ខាងកើតវិមានឯករាជ្យ និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ព្រមទាំងដងផ្លូវសំខាន់ៗមួយចំនួនទៀត ហើយ លោក អភិបាល បានបញ្ជាឲ្យកម្លាំប្រជាការពារគ្រប់គោលដៅចុះរៀបចំសណ្តាប់ធ្នាប់សម្រួលចរាចរ ជាពិសេសគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម ផ្លូវជាតិលេខ៥ និងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងឱកាសបងប្អូនប្រជាពលរដ្ឋចេញដំណើរទៅលេងស្រុកកំណើតនាឆ្នាំថ្មីនេះ ។

ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមរួច, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ ព្រមទាំងចុះសំអាតអនាម័យជុំវិញសួនអតីតទ្រីមលែន, លាងសំអាតការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប និង សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ផងដែរ ។ ក្នុងនោះផងដែរ លោក អភិបាល បានបញ្ជាឲ្យការិយាល័យសាធារណការខណ្ឌ ធ្វើការជួសជុលការ៉ូឡាខូចខាត នៅមហាវិថីព្រះមុន្នីវង្ស និងចាក់សាបបំពេញបន្ថែមផ្លូវសំបុកមាន់មួយចំនួនទៀត ។

រដ្ឋបាលសង្កាត់ស្រះចក វត្តភ្នំ ផ្សារថ្មីទី៣ បឹងរាំង បានសហការជាមួយកម្លាំងប្រជាការពារខណ្ឌ ចុះអប់រំណែនាំ និងរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ រំលោភលើចិញ្ចើមផ្លូវសាធារណៈបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និង បណ្តាលឲ្យមានការកកស្ទះចរាចរ ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ៕ ស តារា


ចែករំលែក៖