ភ្នំពេញ៖ សិល្បករ៣រូបគឺ នាយកុយ អ្នកនាង ស៊ុន ណារីម៉ូនីកា និងឌីជេ ក្តិប បានជួបទុក្ខធំចំថ្ងៃចូលឆ្នាំថ្មីក្រោយពីសាច់ញាតិជាទីស្រលាញ់បានបាត់បង់ជិវិត។
ទិដ្ឋភាពដ៏គួរឲ្យសង្វេករបស់តារាចម្រៀង ស៊ុន ណារីម៉ូនីកាគឺក្រោយពេលដែលក្មួយស្រីវ័យក្រមុំរបស់អ្នកនាងបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃ១១ មេសា។ ទិដ្ឋភាពកាន់តែកម្សត់គឺក្រោយពេល មិនមានវត្តមានភ្ញៀវទូទៅចូលរួមរំលែកទុក្ខច្រើនព្រោះតែអ្នកសិល្បៈបានចេញទៅបំពេញការងារនៅតាមខេត្តបាត់អស់នោះ។ អ្នកនាងបានសម្រេចបូជាសពក្មួយស្រី ដោយមិនតម្កល់ទុកយូរទេ ស្របពេលដែលអ្នកនាង ក៍ត្រូវជាប់ភារ: ទៅសម្ដែងការប្រគំតន្ត្រីនៅខេត្តបាត់ដំបងផង។
រូបភាពដ៏គួរឲ្យអាសូរមួយទៀតរបស់សិល្បករគឺ ឌីជេក្ដិប បានកើតមានឡើងក្រោយពីឪពុកជាទីស្រលាញ់របស់លោកបានទទួលមរណភាព កាលពីថ្ងៃទី១៣ មេសា ដោយលោកបានទាំងផុសតូចចិត្តថា នៅពេលមានទុក្ខ នៅពេលធ្លាក់ខ្លួនក្រ ទើបដឹងថារកមនុស្សពឹងមិនបាន។ តារាចម្រៀង និងជាអ្នកនិពន្ធរូបនេះបានយំសោកបោកខ្លួន និងបង្ហាញពីអារម្មណ៍តូចចិត្តខ្លាំងក្រោយពីមិនអាចពឹងពាក់ស្វះស្វែងរកលុយជួយជីវិតឪពុកខ្លួនបាន។ ពិធីបុណ្យសពឪពុកតារាចម្រៀង រូបនេះក៏កាន់តែខ្សត់អ្នកសិល្បៈចូលរួមផងដែរ។
ដំណាលគ្នានេះដែរតារាកំប្លែងនាយកុយបានបាត់បង់បងប្រុសបង្កើតជាទីស្រលាញ់ឈ្មោះ ជួង គុណ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៣ មេសា ។ មិនខុសពីពិធីបុណ្យសពរបស់តារាពីររូបខាងលើគឺ ពិធីបុណ្យសព របស់បងប្រុសលោក ក៍សោះកក្រោះណាស់ដែរ។ នាយកុយបានអះអាងថា បងប្រុសរបស់លោកគឺឳពុកទី២ ក្រោយពេលឳពុកម្ដាយស្លាប់ចោល ហើយលោកក៍ជាបងប្រុសដែលកម្សត់ណាស់ដែរ ដ្បិតមានកូនប្រុសតែមួយ កូនប្រុសស្លាប់ចោល ហើយធ្លាក់ខ្លួនឈឺជាប់រហូតមក។ ទោះជាយ៉ាងណា នាយកុយនៅតែ បានចាកចេញទៅប្រទេសកូរ៉េ ដើម្បីសម្ដែងជូនបងប្អូនខ្មែរ នៅថ្ងៃទី១៤ មេសា តាមការគ្រោងទុក ទាំងអារម្មណ៍មិននៅក្នុងខ្លួន៕ វឌ្ឍនា