ខេត្តស្ទឹងត្រែង៖ ពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្តគេបានសង្កេតឃើញថា ទីកន្លែងរមណីយដ្ឋានអេកូទេសចរណ៍ទាំងតូច និងធំសម្រាប់ឲ្យភ្ញៀវទេសចរមកលេងកម្សាន្ត មានការកកើតឡើងជាច្រើនកន្លែង នៅតាមបណ្តាស្រុក ភូមិ និងនៅតាមដងទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង ក្នុងនោះដែរឃើញថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងកម្សាន្តនៅតាមកន្លែងរមណីយដ្ឋានអេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨នេះ មានចំនួនយ៉ាងច្រើនកោះករជាងឆ្នាំមុនៗ ។
តាមការលើកឡើងពីភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋានតូចធំក្នុងខេត្តឃើញថា នៅក្នុងខេត្តស្ទឹងត្រែង មានទីកន្លែងរមណីយដ្ឋានអេកូទេសចរណ៍តូចធំបានកកើតជាច្រើនកន្លែង ដូចជាទឹកធ្លាក់សុភ័ក្រ្តមិត្ត រមណីយដ្ឋានជួរវែង នៅទន្លេមេគង្គ រមណីយដ្ឋានកោះខ្សាច់សេកុង នៅទន្លេសេកុង និងរមណីយដ្ឋានបុប្ផាភ្លុក ជួរចាប នៅទន្លេសេសាន និងមានឈ្មោះរមណីយដ្ឋានផ្សេងៗជាច្រើនទៀតនៅតាមដងអូរ និងតំបន់ព្រៃភ្នំ ។
ភ្ញៀវទេសចរដដែលបានបញ្ជាក់ថា ទីកន្លែងទេសចរណ៍បែបធម្មជាតិ មានទាំងជីវៈចម្រុះ សត្វបក្សា បក្សី ហ្វូងមច្ឆជាតិ សត្វផ្សោត ត្រីប៉ាសេអីុ និងមានប្រាង្គប្រាសាទបុរាណតូច ធំ ជាស្នាដៃរបស់បុព្វបុរសខ្មែរយើង បានបន្សល់ទុកឲ្យកូនចៅក្មេងៗជំនាន់ក្រោយៗបានឃើញ ទាំងនេះហើយ គឺជាសក្តានុពលរបស់អ្នកខេត្តស្ទឹងត្រែង គ្រាន់បានបង្អួតគេឯង និងជាកេរ្តិ៍តំណែលមួយដែលតំណាងឲ្យអត្តសញ្ញាណនៃខេត្តស្ទឹងត្រែង ។
ជំុវិញរឿងនេះ លោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ បានប្រាប់ឲ្យដឹងថា រមណីយដ្ឋានអេកូទេសចរណ៍តូចធំក្នុងខេត្ត គឺបានកកើតឡើងមានចំនួនច្រើនពិតប្រាកដមែន ហើយចំពោះកំណើនភ្ញៀវទេសចរជាតិ ក្នុងឆ្នាំនេះ ឃើញថា មានចំនួនទៅដល់៤០៥៥១នាក់ មានន័យថា កើនឡើងជាឆ្នាំមុនៗ ដល់១៧៧៩នាក់ តែដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំនេះវិញ មានចំនួន៥៣នាក់ មានន័យថា ឆ្នាំនេះថយចុះ ២៧២៤នាក់ ។ នេះសរុបទិន្នន័យរបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងរយៈពេលបីថ្ងៃ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយចំពោះរមណីយដ្ឋានអេកូទេសចរណ៍ នៅក្នុងខេត្តស្ទឹងត្រែង សរុបមានចំនួន២១កន្លែង អញ្ចឹងបើប្រៀបធៀបកាលណីឆ្នាំ២០១៧ និងក្នុងឆ្នាំ២០១៨នេះ យើងឃើញថាមានភ្ញៀវជាតិ និងអន្តរជាតិ មានការកើនឡើង ជាងឆ្នាំ២០១៧ ។
លោកបានបញ្ជាក់ថា ក្នុងការមានភ្ញៀវកើនឡើងនោះ គឺដោយសារស្រុកទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព ក្នុងការដើរហើរ ទៅលេងពីខេត្តមួយទៅខេត្តមួយបាន សុខស្រួល គឺប្រទេសរបស់យើងមានការរីកចំរើន មានទាំងការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ទាំងផ្ទះសំណាក់ រួមនឹងសណ្ឋាគារ តូចធំព្រោងព្រាត រួមនឹងរមណីយដ្ឋាន មានសេវាកម្មម្ហូបអាហារ កន្លែងស្នាក់នៅមានតម្លៃសមរម្យទៀតផង ។
សូមបញ្ជាក់ផងដែរ រមណីយដ្ឋានមានក្នុងខេត្តស្ទឹងត្រែងមានចំនួន២០កន្លែង ទី១ រមណីយដ្ឋានសហគមន៍ព្រះរំកិល សរុបភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកលេងចំនួន៣ថ្ងៃ ២.៧៥២នាក់, ទី២ សហគមន៍អូរស្វាយ សរុបមានភ្ញៀវ ចំនួន១៤៤នាក់, ទី៣សហគមន៍អូរឫស្សីកណ្តាល សរុបមានភ្ញៀវចំនួន៧.៨៩៨នាក់, ទី៤ រមណីយដ្ឋានជួរចាប សរុបមានភ្ញៀវចំនួន៣.២១៩នាក់, ទី៥ រមណីយដ្ឋានកោះខ្សាច់សេកុង សរុបបីថ្ងៃមានភ្ញៀវចំនួន២.៨៧៩នាក់, ទី៦ រមណីយដ្ឋានជួរវែង មានភ្ញៀវចំនួន៨១៥នាក់, ទី៧ រមណីយកោះនាងខៀវ មានភ្ញៀវចំនួន៣០០នាក់, ទី៨ រមណីយដ្ឋានបក្សីមេគង្គ មានភ្ញៀវចំនួន៩៥៨នាក់, ទី៩រមណីយដ្ឋានបុប្ផាភ្លុក មានភ្ញៀវ ចំនួន៣.៨៥៨នាក់, ទី១០ សហគមន៍កោះព្រះ មានភ្ញៀវមកលេងចំនួន៣៦៤នាក់, ទី១១ សហគមន៍កោះហាន មានភ្ញៀវមកលេងចំនួន២៥៣នាក់, ទី១២ រមណីយដ្ឋានកោះខេ មានភ្ញៀវមកលេងចំនួន៧.៦៤៤នាក់, ទី១៣ រមណីយកោះខឌិន មានភ្ញៀវចំនួន៣.៤៨០នាក់, ទី១៤ រមណីយដ្ឋានកោះភ្ញៀវ មានចំនួន២.០៨២នាក់, ទី១៥រមណីយដ្ឋានលីទុនជី មានភ្ញៀវចំនួន២១៤នាក់, ទី១៦ រមណីយដ្ឋានកោះឡូន មានភ្ញៀវចំនួន១.២០០នាក់ ទី១៧ រមណីយដ្ឋានចំការក្រូច មានភ្ញៀវចំនួន១.៩១០នាក់, ទី១៨ រមណីយដ្ឋានសម្រស់ទន្លេសៀមប៉ាង មានភ្ញៀវចំនួន២៦០នាក់, ទី១៩រមណីយដ្ឋានបុប្ផាកែងញ៉ៃ មានភ្ញៀវចំនួន២០៤នាក់ និងទី២០
រមណីយដ្ឋានកោះធំ មានភ្ញៀវមកកម្សាន្តលេងមានចំនួន២២៣នាក់ សរុបរមណីយដ្ឋានទាំង២០កន្លែងទាំងអស់នោះ គឺមានភ្ញៀវជាតិ និងអន្តរជាតិ៤០.៦៥៧នាក់ ។
គួររំលឹកថា នៅតាមភូមិជនបទអាចបន្តលេងកម្សាន្តល្បែងប្រពៃណីដល់ថ្ងៃទី ១៩ ឬទី២០ ខែមេសាទើបឈប់ ដោយមានការចាក់ ធុងបាស់រាំលេងកំសាន្ត នៅតាមទីវត្តអារ៉ាមនីមួយៗ និងនៅតាមរម្មណីយដ្ឋាន ក៏ដូចគ្នាមានការហូបចុកសើចហ៊ោសប្បាយ ជាលក្ខណគ្រួសារទៅតាមកញ្ចុះជាក្រុមៗ ខ្លះក្រាលកន្ទេលអង្គុយក្រោមដើមឈើ មាត់ទឹកគួរជាទីទស្សនាផងដែរ យ៉ាងសប្បាយរីករាយមិនបង្កអសន្តិសុខ និងរំខានដល់សមត្ថកិច្ចនោះឡើយ ។
ក៏ប៉ុន្តែវាមានកន្លែងចន្លោះប្រហោងខ្លះចំពោះភ្ញៀវដែលមកលេងកំសាន្ត គួរតែជួយថែរក្សាអនាម័យ កាកសំណល់ដែលខ្លួនបរិភោគរួច ត្រូវចេះវេចខ្ចប់ មិនត្រូវបោះចោលពាសវាលពាសកាល ជាពិសេសចោលសំរាមបណ្តែតតាមទឹក ក៏មានដែរ វានាំឲ្យបាត់បង់សម្រស់ទីក្រុង និងប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នាផងដែរ ៕ មាស សុផាត