ខេត្តកំពង់ស្ពឺៈ ភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់ យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋប្រមាណ១៦ខ្នង ខ្លះត្រូវប៉ើងដំបូល ខ្លះទៀតបាក់ទ្រេតដួលរលំដល់ដី កាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានករណីគ្រោះធម្មជាតិដ៏កាចសាហាវមួយបានកើតឡើង ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ប៉ះចំផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ឋ បណ្តាលឲ្យខូចខាតសរុបចំនួន១៦ខ្នងផ្ទះ ដោយក្នុងនោះ នៅឃុំទួលសាលា ខូចខាតមធ្យមចំនួន១១ខ្នង ស្រាល៥ខ្នង នៅភូមិតាអាំ ៨ខ្នង ខូចខាតមធ្យម៣ខ្នង ស្រាល៥ នៅភូមិដូនពេញ ចំនួន១ខ្នង ខូចខាតមធ្យម នៅភូមិខ្លាជល់ ១ខ្នង ខូចខាតមធ្យម នៅភូមិចង្រាក ២ខ្នង ខូចខាតស្រាល និងនៅភូមិត្នោត ៣ខ្នង ខូចខាតមធ្យម។
យ៉ាងណា គ្រោះធម្មជាតិនេះ សមត្ថកិច្ចបញ្ជាក់ថា មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឬបាត់បង់ជីវិតនោះទេ ៕ សហការី