ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ កម្ពុជា ពីសង្រ្គាមរ៉ាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨​ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានថ្លែងយ៉ាងដូច្នេះថា៖

«កម្ពុជា ពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ

ជាការពិតនៃប្រវត្តិសាស្រ្តកម្ពុជា គឺព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំខ្លាំងណាស់ ដើម្បីនាំមកនូវឯករាជជាតិឆ្នាំ ១៩៥៣។ ព្រះអង្គក៏បានខិតខំខ្លាំងណាស់ដែរ ដើម្បីអោយមានការបង្រួបង្រួមជាតិតាមរយៈការរៀបចំការបោះឆ្នោត ឆ្នាំ១៩៥៥ ដែលពេលនោះកម្ពុជាបានសុខសន្តិភាពត្រឹមតែ៤ ឬ៥ឆ្នាំប៉ុណ្ណោះ ហើយក៏មានផុសឡើងនូវចលនាកម្លាំងប្រដាប់អាវុធដែលមានតំបន់ត្រួតត្រា៤ដូចជា ១)រាជរដ្ឋាភិបាល សម្តេចព្រះ នរោត្តម សីហនុ, ២)តំបន់ខ្មែរស, ៣)តំបន់ខ្មែរខៀវ, និង ៤)តំបន់ខ្មែរក្រហម។ បន្ទាប់មកនៅឆ្នាំ ១៩៧០ ដល់ ១៩៧៥ គឺកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១)តំបន់ត្រួតត្រាដោយរដ្ឋការលន់នល់ និង ២) តំបន់រំដោះសម្តេចព្រះនរោត្តមសីហនុ ។ នៅឆ្នាំ ១៩៧៥ ដល់១៩៧៩ គឺកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត។ ប្រជាពលរដ្ឋខ្មែររស់នៅអត់អាហារ គ្មានផ្ទះសម្បែង ព្រាត់ប្រាស់បែកបាក់គ្រួសារ និងស្លាប់អស់ជាង៣លាននាក់។

នៅឆ្នាំ ១៩៧៩ ដល់ ១៩៩៣ កម្ពុជាមានតំបន់ត្រួតត្រា៤ សារជាថ្មីឡើងវិញគឺ ១)រដ្ឋាភិបាលភ្នំពេញ (គណបក្សប្រជាជន), ២)ហ្វ៊ុនស៊ីនប៉ិច (សម្តេចព្រះនរោត្តមសីហនុ), ៣)រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (លោកតា សឺន សាន), និង៤)តំបន់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។

នៅឆ្នាំ ១៩៩៣ ដល់ ១៩៩៨ កម្ពុជាស្ថិតនៅក្រោមការជួយរៀបចំបោះឆ្នោតដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៃកម្ពុជា (United Nations Transitional Authority of Cambodia- UNTAC) ។ អ៊ុនតាក់បានចំណាយលុយជាង ២,០០០លានដុល្លារ ប៉ុន្តែនៅពេលអ៊ុនតាក់ដកត្រឡប់ចេញទៅ គឺបានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១)រាជរដ្ឋាភិបាលកម្ពុជា និង ២)កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ អ្វីដែលកម្ពុជាចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន។

ការពិតគឺមានតែជនជាតិកម្ពុជាយើងទេដែលធ្វើនយោបាយក្នុងក្របខ័ណ្ឌឈ្នះ-ឈ្នះ។ ខ្ញុំបានសម្រេចចិត្តបញ្ចប់សង្រ្គាមរាំរ៉ៃអោយខានតែបាន។ ពេលនោះម្តាយធំរបស់ខ្ញុំបានសួរខ្ញុំថា “ពេលដែលឯងចូលទៅតំបន់ខ្មែរក្រហម… មិនខ្លាចខ្មែរក្រហមបាញ់សម្លាប់ទេអី?” ខ្ញុំបានឆ្លើយថា “ប្រសិនបើស្លាប់.. ស្លាប់តែខ្លួនខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ… ប៉ុន្តែបើបានមកវិញ… គឺបានផែនដីទាំងមូលតែម្តង” ។ ពិតណាស់ ចាប់ពីពេលនោះមកទល់ពេលនេះ គឺដែនដីកម្ពុជាបានឯកភាពជាតិ ២០ឆ្នាំរួចស្រេចមកហើយ!។

ដូច្នេះទម្រាំយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ គឺយើងបានខិតខំប្រឹងប្រែងនិងលះបង់អាយុជីវិតមនុស្សច្រើនណាស់។ ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពអោយខានតែបាន! » ៕


ចែករំលែក៖