ខេត្តកំពង់ស្ពឺ៖ ពិតជាជីវិតមុនទៀងមែនកំពុងជិះម៉ូតូសុខៗស្រាប់តែឈប់ម៉ូតូហើយត្រដរខ្យល់បើទោះជាអ្នកធ្វើដំណើរ និងឃើញហេតុការណ៍ខំជួយយ៉ាងណា ក៏គេចមិនផុតពីសេចក្តីស្លាប់បានដែរ។
ស្ត្រីដែលស្លាប់ត្រូវបានសង្ស័យថា ខ្យល់គរហើយកម្រិតធ្ងន់ទើបមិនអាចជួយសង្គ្រោះទាន់ពេលបែបនេះ បន្ទាប់ពិនិត្យសព និងបំពេញឯកសាររួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យរាមប្រពៃណី ។
ករណីខ្យល់គរបណ្តាលឲ្យស្លាប់នេះ កើតឡើងនៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទី នៅចំណុច គីឡូម៉ែត្រ លេខ១០៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ស្ត្រីរងគ្រោះឈ្មោះអ៊ុក ថន អាយុ២៧ឆ្នាំ រស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិចបានឲ្យដឹងថា តាមការស្រាវជ្រាវ និងសាកសួរសាក្សីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា គឺមុនពេលស្លាប់ស្រ្តីរងគ្រោះជាមនុស្សមានជំងឺលើសឈាមជាប្រចាំ ហើយមុនពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិហាមមិនឲ្យដឹកគ្រឿងអេតចាយទៅលក់ដែរ ព្រោះទើបតែមានអការវិលមុខ តែគាត់មានៈមិនព្រមស្តាប់តាមឡើយ ។ បើទោះជាសាច់ញាតិឃាត់មិនឲ្យជិះម៉ូតូទៅលក់អេតចាយយ៉ាងណាក៏ដោយ ក៏គាត់នៅតែទៅ ចុងក្រោយក្រុមគ្រួសារទទួលដំណឹងថា ស្លាប់បាត់ទៅហើយ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានបំភ្លឺថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែឈប់ម៉ូតូហើយធ្លាក់ស្លាប់តែម្តង។ បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។ សមត្ថកិច្ចជំនាញបានចុះពិនិត្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមានពាក់បទល្មើសព្រហ្មទណ្ឌឡើយ ៕ សេនាស័ក្តិ