ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ជូ កុល្លា ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ រហូតមកដល់ពេលនេះគឺលោក ជូ កុល្លា បានប្រើវិធីពង្រឹងបណ្ដាញពុករលួយជាប្រព័ន្ធយ៉ាងរឹងមាំ។ រាល់ចំណូលចំណាយសម្រាប់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ជូ កុល្លា និងបក្ខពួកទាំងស្រុងតែម្តងហើយរាល់គម្រោងចំណាយផ្សេងៗរបស់មន្ទីរសាធារណការខេត្តកំពង់ធំ សុទ្ធតែមានបញ្ហាមិនប្រក្រតី។
រឿងអាស្រូវតាមច្រើនរូបភាពរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ព្រមទាំងបក្ខពួកត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ដែលជាហេតុធ្វើឲ្យលោក ជូ កុល្លា កាន់តែបានចិត្តហើយប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ តាមការបង្ហើបពីមន្ត្រីរាជការនៃមន្ទីរសាធារណការខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា គម្រោងជួសជុលផ្លូវ ថែទាំផ្លូវ និងស្ថាបនាផ្លូវក្នុងខេត្តកំពង់ធំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ជូ កុល្លា និងបក្ខពួក ហើយថវិការដ្ឋរាប់រយលានរៀលត្រូវបានកេងប្រវ័ញ្ចជាបន្តបន្ទាប់។
ប្រភពដែលស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានឪពុកក្មេករបស់ខ្លួនជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ជាខ្នងបង្អែកយ៉ាងរឹងមាំ។ ដោយសារអាងមានឪពុកក្មេកជាបង្អែកយ៉ាងរឹងមាំនោះហើយទើបលោក ជូ កុល្លា ហ៊ានផ្គើនដាក់មន្ត្រីធំៗក្នុងខេត្តកំពង់ធំ យ៉ាងគឃ្លើនបំផុតដែលក្នុងនោះមានទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ផងដែរ។ មជ្ឈដ្ឋានខ្លះសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គឺជាបង្អែករបស់លោក ជូ កុល្លា ទើបបណ្ដោយឲ្យលោក ជូ កុល្លា ប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានខ្លាចក្រែងអ្វីទាំងអស់ ៕