រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Jeff Sessions ពេលថ្មីៗនេះបាននិយាយទៅកាន់សេតវិមានថា លោកនឹងចុះចេញពីតំណែង ប្រសិនបើប្រធានាធិបតី ត្រាំ ដកតំណែងមន្ត្រីក្រោមឱវាទរបស់លោក គឺរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក Rod Rosenstein ។
កាលពីចុងសប្តាហ៍កន្លងមកលោក Jeff Sessions បានផ្តល់ព័ត៌មានទៅទីប្រឹក្សាសេតវិមាន Donald Mc Gahn ថា លោកនឹងលាលែងចេញពីតំណែង ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ ដកតំណែងលោក Rosenstein អ្នកទទួលបន្ទុកតាមដានការស្រាវជ្រាវរបស់ក្រសួងយុត្តិធម៌អាមេរិក ទៅលើករណីរុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។
ហេតុការណ៍ខាងលើ កើតឡើងក្រោយពេលប្រធានាធិបតី ត្រាំ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់រដ្ឋលេខាធិការក្រសួងយុត្តិធម៌ Rosenstein ក្រោយពេលដែលលោកអនុញ្ញាតឲ្យទៅត្រួតពិនិត្យការិយាល័យរបស់លោក Michael Cohen មេធាវីផ្ទាល់របស់ប្រធានាធិបតី ត្រាំ។ ក្រសួងយុត្តិធម៌បានប្រកាសថា មេធាវីលោក ត្រាំ គឺជាគោលដៅស្រាវជ្រាវជាច្រើនខែកន្លងមក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រសិនបើលោក ត្រាំ ដកតំណែង លោក Rosenstein នឹងបង្កឲ្យមានការលាលែងចេញពីតំណែង របស់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នៅក្នុងរដ្ឋាភិបាល ដែលអាចបង្កឲ្យមានភាពចលាចលនៅក្នុងជួរដឹកនាំអាមេរិក។
លោក Rosenstein ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ជ្រើសរើសដោយខ្លួនឯង ហើយតែងតាំងឲ្យកាន់តំណែងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅឆ្នាំ២០១៧៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច