ព័ត៌មានទាន់ហេតុការណ៍៖

IMF៖ បើសង្គ្រាមពាណិជ្ជកម្មកើតឡើងអាស៊ីជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ

ចែករំលែក៖

ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក នឹងចិន បង្កឲ្យស្ថាប័នសេដ្ឋកិច្ចធំៗ បង្ហាញក្តីបារម្ភ ក្នុងនោះមានធនាគារពិភពលោក មូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជាដើម។

សារព័ត៌មានស៊ីនហួរបានផ្សាយថា នៅពេលនេះដែរ IMF បានព្រមានអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី បើសិនជាសង្គ្រាមពាណិជ្ជកម្មនៅតែបន្តប្រព្រឹត្តទៅយ៉ាងតានតឹងនោះ។

លោក ឆាងយ៉ុង រី ប្រធាននាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅអាមេរិកថា «គោលនយោបាយគាំពារនិយមថ្មីៗដែលត្រូវបានដាក់ចេញ ដូចដែលការតម្លើងពន្ធនាំចូល ដែលត្រូវបានធ្វើកាលពីពេលថ្មីៗនេះ វានឹងបង្កផលប៉ះពាល់ដោយចំពោះ ទៅលើតំបន់អាស៊ី។ អាស៊ី គឺនៅតែតំបន់នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចចម្បង សម្រាប់សកលលោក ដែលមានតម្លៃស្មើនឹងជាង ៦០ភាគរយ នៃការអភិវឌ្ឍជាសកល»។

ទោះជាយ៉ាងណាក៏ដោយ តំបន់នេះកំពុងតែប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះ ក្នុងរយៈពេលមធ្យម ក្នុងនោះមានទាំងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក, ការផ្លាស់ប្តូរឆ្ពោះទៅរកគោលនយោបាយថ្មី ដែលកំពុងត្រៀមអនុវត្តន៍ និងការកើនឡើងនៃភាពតានតឹងនយោបាយភូមិសាស្ត្រ។ ដូច្នេះមន្ត្រីជំនាញ IMF បានធ្វើការអំពាវនាវឲ្យបណ្តាប្រទេសនានា ជាពិសេសមហាអំណាចសេដ្ឋកិច្ច ដែលចង់សំដៅលើចិន និងសហរដ្ឋអាមេរិក គួរតែព្យាយាមដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ជារួម៕ ម៉ែវ សាធី

លោកស្រី Christine Lagarde​ ប្រធានមូលនិធីរូបិយវត្ថុអន្តរជាតិ IMF

 


ចែករំលែក៖