ព័ត៌មានទាន់ហេតុការណ៍៖

អាបឹក​គុកដួលជាប់ផុងក្នុងល្បាប់សន្លប់របួសធ្ងន់ សង្ឃឹមរស់តិចតួច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដំរីឈ្មោលមួយក្បាលដែលរងការជាប់ចំណងកាលពីជាង១ខែមុន ពេលនេះបានដួលជាប់ផុងក្នុងល្បាប់សន្លប់នៅវេលាម៉ោង០៩និង៤៥នាទីព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចអូរតេភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ច ក្រុងសែនមនោរម្យបានឲ្យដឹងថា ជាដំរីខាងលើដែលវាបានដេកដួលក្រោកមិនរួចនោះ ព្រោះតែកង្វះចំណីអាហារក្រោយពេលពីម្ចាស់វាមានការធ្វេសប្រហែស។

សមត្ថកិច្ចបន្តថា ជាដំរីឈ្មោះបឹក​ គុក អាយុ៣៥ឆ្នាំបានរងនូវការបាញ់ថ្នាំសន្លប់ម្តងរួចមកហើយពីសំណាក់អង្គការវាយ​ អេត។

ទោះជាយ៉ាងណាម្ចាស់ឈ្មោះចុច​ ចេល​ ជនជាតិដើមព្នង ក្រោយពីដំរីមានសភាពបែបនេះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះពិនិត្យផងដែរ។

ប្រធានអង្គការវាយ​ អេត​ ដែលមានភារកិច្ចលើសត្វដំរីនេះមិនអាចទំនាក់ទំនងបានទេ។

នៅរសៀលថ្ងៃដដែលនេះ លោក ឃុន ឌីយ៉ូន ប្រធានអង្គការកាពារសត្វដំរីថាដំរីឈ្មោលមួយក្បាលនោះ មានសភាពធ្ងន់ធ្ងរណាស់ទៅហើយប្រហែលជាគ្មានសង្ឃឹមរស់តទៅទៀតនោះទេ។

ដំរីឈ្មោលឈ្មោះបឹក​ គុក​នេះត្រូវបានមន្ត្រីអង្គការវាយអេតបាញ់ថ្នាំឲ្យសន្លប់ដើម្បីបន្សាបការបំរ៉ុងនិងចុះប្រេងកាលពីថ្ងៃទី២៨ខែមីនា២០១៨កន្លងទៅ ។

ព្រោះនៅថ្ងៃទី២៦មិនាមានសភាពមិនប្រក្រតីដំរីខាងលើបានរើបំរះផ្តាច់ចំណងនិងបានចូលទៅសំងំនៅក្នុងព្រៃចំណុចអូរតេរយៈពេល២ថ្ងៃនិងត្រូវចាប់បានមកចងវិញ​។

ការបន្សាបភាពកាចសាហាវរបស់វាមិនដឹងថា កំឡុងវាជាប់ចំណងនោះត្រូវទទួលការមើលថែពីម្ចាស់ឬពីអង្គការវាយអេតដែរនោះទេ៕ ជីវន្ត


ចែករំលែក៖