ប៉ោយប៉ែត ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ បានកន្លងផុតទៅ ចំណែកពលករខ្មែរប្រុស ស្រីជាច្រើនរយនាក់កំពុងធ្វើដំណើរចេញពីកម្ពុជាទៅប្រទេសថៃវិញ ដើម្បីចូលបម្រើការនៅកន្លែងរៀងៗខ្លួន តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោក ពៅ ថាវុធ បានឲ្យដឹងថា ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ ពលករខ្មែរស្របច្បាប់ជាច្រើននាក់ បានចេញ ទៅធ្វើការងារនៅប្រទេសថៃវិញ តាមរយៈការធ្វើបែបបទដោយស្របច្បាប់ មិនមានការបង់ប្រាក់កាសអ្វីឡើយ។
លោកបញ្ជាក់ថា: ក្រុមការងារជំនាញបានបើកឲ្យប្រជាពលរដ្ឋទូទៅមានឱកាសបំពេញឯកសារបែបបទស្នើសុំផ្សេងៗ ដោយខ្លួនឯង ដែលវាខុសពីពេលមុនៗ មានជនខិលខូចមួយចំនួន បានលួចយកប្រាក់ក្រៅសេវា ជាថ្នូរនឹងការបំពេញបែបបទ រត់ការឯកសារ ឬប្រថាប់ត្រា ដើម្បីបានលឿន និងរហ័សជាដើម ហើយការលុបបំបាត់ ការយកលុយក្រៅសេវានេះ លោកបានចាប់ផ្តើមរឹតបន្តឹងតាំងមុនថ្ងៃចូលឆ្នាំមក ។ លោកនិងក្រុមមន្ត្រីរបស់លោកនឹងខិតខំបន្តសកម្មភាពនេះជាបន្តទៀត ។
តាមការឲ្យដឹងពីពលករដែលកំពុងធ្វើបែបបទ មូលហេតុដែលពលករខ្មែរទាំងនោះសម្រុកចេញទៅ បែបនេះ គឺដោយសារពួកគាត់ត្រូវប្រញាប់ទៅឲ្យទាន់ពេលវេលាដែលគាត់បានសុំច្បាប់អនុញ្ញាត ពីថៅកែថៃ ហើយប្រសិនបើគាត់ទៅមិនទាន់តាមការកំណត់របស់ថៅកែថៃ ពួកគាត់នឹងត្រូវកាត់ប្រាក់ខែតាមការកំណត់របស់ថៅកែ។
ដោយឡែក: តាមសេចក្តីរាយការណ៍ពីបន្ទាត់ព្រំដែន កម្ពុជា ថៃ ប្រាប់ថា ក្រៅពីការចេញដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានពលករខ្មែរច្រើននាក់ទៀតត្រូវបានគេដឹកជញ្ជូនតាមរយៈរថយន្ត តាមច្រករបៀងដែលពួកគាត់ ចាញ់បោកមេខ្យល់លួចចេញពីកម្ពុជា ទៅថៃ ដោយខុសច្បាប់ មួយចំនួនក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ដួចជាច្រករបៀងក្ដឹបថ្ម គ្របគ្រងដោយយោធាតំបន់អភិវឌ្ឍន៍ភ្នំឆត្រ ឋិតក្នុងភូមិក្ដិបថ្ម ឃុំគោរមៀត ស្រុកថ្មពួក គ្មានការទប់ស្កាត់ បើទោះជារាជរដ្ឋាភិបាលទាំងពីរមានការយកចិត្តទុកដាក់លើបញ្ហាពលករក៏ដោយ ប្រឈមទៅនឹងគ្រោះថ្នាក់ដល់ពួកគាត់ ព្រោះកន្លងមក ពលករឆ្លងដែនខុសច្បាប់ ធ្លាប់ជួបគ្រោះថ្នាក់ខ្លះបាត់បង់ជីវិត និងខ្លះទៀតពិការផងដែរ ៕ វណ្ណា