ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស សតិមិនគ្រប់ម្នាក់ ស្រវឹងស្រា ដើរចេញបាត់ពីផ្ទះ តូចចិត្តធ្វើអត្តឃាត យកក្រម៉ា ចងក ជាប់នឹងដើមសង្កែមាត់ស្ទឹង ក្រោយផ្ទះប្រហែល​១៥០ម៉ែត្រ ត្រូវបានបងប្អូនប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង០០នាទីព្រឹក ស្ថិតនៅភូមិភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់ថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលត្រូវជាសាច់ញាតិ ថា មានករណីចងកសំលាប់ខ្លួន លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ។លោកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ស៊ន់ ប៉ារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការស្រាវជ្រាវរបស់កម្លាំងនគរបាលជំនាញនិងការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជា(មនុស្សមានសតិមិនគ្រប់)ហើយ​នៅម៉ោង៥ល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ជនរងគ្រោះ បានផឹកស្រា១កំប៉ុង ហើយក៍ដើរទៅក្រោយផ្ទះ ឯក្រុមគ្រួសារពុំចាប់អារម្មណ៍អ្វីឡើយ ។លុះព្រឹកឡើងទើបបងប្អូន ឃើញចងកសម្លាប់ខ្លួន ទៅនឹងក្រម៉ា ជាប់នឹងដើមសង្កែមាត់ស្ទឹង ក្រោយផ្ទះបាត់ទៅហើយ។ក្រោយពីធ្វើការពិនិត្យសមត្ថកិច្ចជំនាញបានសន្និដ្ឋានឲ្យដឹងថា សព ជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯង មែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។

បច្ចុប្បន្នសាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំខាងលើ៕ ប៊ុន រិទ្ធី


ចែករំលែក៖