ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបិទ IPក្រុមហ៊ុនGoogleដើម្បីកុំឲ្យអ្នកផ្ញើសារតាមប្រព័ន្ធទំនាក់ទំនងសង្គមTelegram

ចែករំលែក៖

ក្រុមឃ្លាំមើលទូរគមនាគមន៍របស់រុស្សី Roskomnadzor បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបិទ IP របស់ក្រុមហ៊ុន Google មួយចំនួនដើម្បីកុំឲ្យអ្នកផ្ញើសារតាមប្រព័ន្ធទំនាក់ទំនងសង្គមTelegram អាចដំណើរការទៅបាន ។

ក្រុមឃ្លាំមើល Roskomnadzor បានថ្លែងការណ៍ថា “ក្រុមហ៊ុន Google មិនបានបំពេញតាមតម្រូវការរបស់ Roskomnadzor ហើយថែមទាំងបានរំលោភលើសាលក្រមរបស់តុលាការរុស្សីទៀតផង ដែលបន្តអនុញ្ញាតឱ្យ ក្រុមហ៊ុនTelegram ប្រើប្រាស់ IP របស់ខ្លួនដើម្បីសកម្មភាពនៅក្នុងប្រទេសរុស្ស៊ី” ។

កាលពីថ្ងៃចន្ទ ទី២៣ ខែមេសា ក្រុមឃ្លាំមើល Roskomnadzorបានចាប់ផ្តើមបិទប្រព័ន្ធផ្ញើសារតាមបណ្តាញ Telegram ស្របតាមការសម្រេចរបស់តុលាការ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ប្រព័ន្ធទំនាក់ទំនង Telegram នេះ នៅតែបន្តសកម្មភាពរបស់ខ្លួនដដែលដោយប្រើប្រាស់ IP របស់ក្រុមហ៊ុន Google និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃផ្សេងទៀត។

បន្ទាប់ពីក្រុមឃ្លាំមើលរុស្ស៊ី ក្រោយមកបានចាប់ផ្តើមបិទ IPsទាំងនោះ អ្នកប្រើប្រាស់ទាំងអស់ ក៏មិនអាចទំនាក់ទំនងគ្នាតាមប្រព័ន្ធ Telegramនោះបានឡើយ កាលពីថ្ងៃអាទិត្យ។

ជម្លោះជុំវិញបញ្ហាខាងលើនេះ​បានអូសបន្លាយពេលជាយូរមកហើយ រវាងក្រុមភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នឹងក្រុមហ៊ុន Telegram ។

ក្រុមភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី FSB បានទាមទារចូលទៅពិនិត្យមើលសារទាំងឡាយណានៅលើប្រព័ន្ធ បណ្តាញផ្ញើសារ Telegram ដែលសង្ស័យថាបម្រើដល់សកម្មភាពភេរវកម្ម ក្នុងនោះ រួមទាំងការវាយប្រហារគ្រាប់បែកនៅស្ថានីយរថភ្លើងក្រោមដីទីក្រុងធំលំដាប់ទី២រុស្ស៊ី St. Petersburg កាលពីខែមេសាផងដែរ ។

ប្រព័ន្ធទំនាក់ទំនងសង្គមTelegram ដែលមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនរុស្ស៊ី និងអង្គការស្ថាប័នជាច្រើន រួមទាំងវិមានក្រឹមឡាំងផងដែរនោះបានបដិសេធមិនធ្វើតាមតម្រូវការទាមទាររបស់FSBនោះ ឡើយ ដោយសំអាងទៅលើច្បាប់ស្តីអំពីសិទ្ធិឯកជន ៕ ថាច់ យ៉ាត


ចែករំលែក៖