ព័ត៌មានទាន់ហេតុការណ៍៖

អាបឹកគុកអាយុ​៣៥ឆ្នាំដែលបានជាប់ផុងនោះបានស្លាប់ហើយ​ដោយសារ​ខ្វះ​អាហារ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​ បឹកគុក អាយុ​ ៣៥ ​ឆ្នាំដែលបានជាប់ផុង នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិ​ពូតាំង សង្កាត់រមនាក្រុងសែនមនោរម្យ ហើយដួលសន្លប់នោះ ពេលនេះវាបាន​ងាប់​ហើយនៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ​ក្រោយ​ពី​វា​បាន​ដួល​សន្លប់​ប្រមាណ​ជិត​ ៨ ​ម៉ោង​ដោយសារ​តែ​ខ្វះ​អាហារ​នៅ​ពេល​ដែល​វា​ជាប់​ចំណង​នៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​អូរតេ​។

លោក​ ពេជ្រ សុធារី នាយ​ប៉ុស្តិ៍​រមនា​​បាន​ចុះ​ទៅកន្លែងកើតហេតុកាលពី​ព្រឹក​ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ​ជាមួយ​នឹងមន្ត្រីបរិស្ថាន និងអាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រូបដើម្បីពិនិត្យផងដែរ ​។

លោក សុធារី បាន​ឲ្យ​ដឹង​ថា ​ដំរី​នេះ​បាន​ចុះ​ប្រេង និង​រើ​ដាច់​ច្រវាក់ ហើយ​បាន​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុង​ភូមិ​ពូតាំង​នៅ​ថ្ងៃ​ទី​ ២៥ និង​ ២៦ ខែ​មីនា​កន្លង​មក និង​មាន​ការ​រាយការណ៍​សុំ​​អន្តរាគមន៍​ទៅ​អង្គការ​សម្ព័ន្ធភាព​​សត្វព្រៃ (​ហៅថា​វ៉ាយអេដ​) ​។ នៅ​ថ្ងៃទី​​ ២៧ ក្រុម​ការងារ​របស់​អង្គការ​ក៏​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សណ្តំ ដើម្បី​ឲ្យ​ម្ចាស់​ឈ្មោះ​ ចុច ចេល ​ចាប់ចងនៅក្នុងព្រៃដីចម្ការ​របស់​គាត់​។

លោក​​ថា​ចាប់​ចង​រហូត​មក​ដល់​ថ្ងៃ​ទី​ ២១ ​បើតាម​ការ​សន្និដ្ឋានដោយសារ​ដាច់អាហាហើយ​ដំរី​ក៏​ធ្លាក់​ខ្លួន​ឈឺ​បណ្តាល​ឲ្យ​ងាប់តែម្តង​។

ម្ចាស់មិន​សូវយក​ចិត្ត​ទុកដាក់​​ព្រោះ ខ្លាច​ដំរី​ធ្វើ​បាបព្រោះធ្លាប់មានដំរីចុះប្រេងជាន់ម្ចាស់ស្លាប់កាលពីឆ្នាំ២០១៧កន្លងទៅ​​នៅ​ក្នុង​ភូមិ​ពូតាំង​ដដែល​​ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច​បាញ់​សម្លាប់ក្រោយ​ពេល​ដែល​វា​បាន​ចុះ​ប្រេង​ហើយ​ជាន់​ម្ចាស់​ស្លាប់និង បំផ្លាញទ្រព្យសម្បត្តិអ្នកភូមិ និង​បង្ក​ការភ័យខ្លាច​។

លោក​នាយ​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រោយពេលដំរីងាប់ម្ចាស់វានិងសាច់ញាតិបានជួបជុំគ្នាធ្វើការសែនព្រេនតាម​លក្ខណៈ​ប្រពៃណីដើម្បី​កប់ដំរីនោះនៅក្នុងព្រនោះ​តែ​ម្តង​។

តាមប្រភព​ថាដំរីនេះក្រោយ​ពេល​ចាប់ចងបានវិញម្ចាស់បានដាក់ដើមចេកឲ្យស៊ីដែរតែវា​មិន​សូវ​ស៊ី​ចំណី​ទេ​។

ដំរី​នេះ​ក៏​ជា​ដំរី​មួយ​ក្បាល​ដែល​ម្ចាស់​ធ្លាប់​យក​ទៅ​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ផង​ដែរ​។

លោក ទ្រី ស៊ីថេង ជា​ប្រធាន​ផ្នែក​ថែទាំ​សត្វ​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ស្ថិត​នៅ​ក្នុង​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈ្រើ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​បាន​ជួយ​បាញ់​ថ្នាំ​ធ្វើ​ឲ្យ​ដំរី​នោះ​សន្លប់ ដើម្បី​ចាប់​យក​ទៅ​ចង​នៅ​នឹង​ដើមឈើ​មួយ ហើយ​ឲ្យ​ម្ចាស់ជាអ្នកមើលការខុសត្រូវ​។

លោកបន្តថា​សត្វ​ដំរី​ដែល​ងាប់​នេះ​គឺ​បណ្តាល​មកពី​ការខ្វះ​ការថែទាំ​ពី​ម្ចាស់​ដូចជា​ខ្វះ​ចំណី ពិសេស​គឺ​ទឹក​នៅ​ក្នុង​រដូវក្តៅ​នេះ​។

ដំរី​ ១ ​ក្បាល​ត្រូវការ​ផឹក​ទឹក​ជាង​ ១០០ ​លីត្រ​ក្នុង​ ១ ​ថ្ងៃ និង​ទឹក​សម្រាប់​វា​ងូតនិងលេងជាច្រើនទៀត​ផង​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​នៃ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ភូមិ​ពូតាំង​មាន​ដំរី​ប្រមាណ​ជា​ ១០ ​ក្បាល​បម្រើ​ក្នុង​វិស័យ ដែល​ប្រើប្រាស់​សម្រាប់​ដឹកភ្ញៀវទេសចរណ៍សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​នានា​មួយ​ចំនួន​នាពេល​កន្លង​មក​។

​ពេល​បច្ចុប្បន្ន​នេះ​ម្ចាស់​ដំរី​មានការយល់ដឹងច្រើនដោយ​មិន​សូវ​ឲ្យ​ដំរី​ដឹក​ភ្ញៀវទេសចរ​នោះ​ទេ តែ​ឲ្យ​ភ្ញៀវ​ទៅ​មើល​កម្សាន្ត ងូត​ទឹក​ឲ្យ ឬ​ឲ្យ​ចំណី​តែ​ប៉ុណ្ណោះ​៕ ជីវន្ត


ចែករំលែក៖