ភ្នំពេញ៖ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយDiners Club International (DCI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់Discover Financial Services (DFS) ហើ់យក៏ជាសមាជិករបស់Discover Global Network ក្នុងគោលបំណងផ្តល់សិទ្ធឲ្យធនាគារPPCBank ផ្ដាច់មុខក្នុងការចេញកាតរបស់Diners Club International ក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នាសណ្ឋាគាសូហ្វីតែល ។Diners Club International និងធនាគារPPCBank បានសម្រេចផ្តល់ជូននូវការបើកទូលាយសំរាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់កាតពាណិជ្ជកម្មដែលមានអ្នកប្រើប្រាស់ច្រើនព្រមជាមួយអត្ថប្រយោជន៍ជាច្រើនពីDCI រួមមានអាចចូលក្នុងកន្លែងសម្រាកលំហែរបស់Diners Club នៅក្នុងព្រលានយន្ដហោះច្រើនជាង៨០០កន្លែងទូទាំងពិភពលោកការទទួលទានអាហារការធ្វើដំណើរការកំសាន្ដ និងទិញទំនិញនៅតាមហាងច្រើនជាង៥០ប្រទេស និងកញ្ចប់ដែលចំណេញប្រាក់សម្រាប់ការទិញឥវ៉ាន់តាមអ៊ីនធើណែត។
ធនាគារPPCBank ត្រូវបានទទួលស្គាល់ថា ជាធនាគារពាណិជ្ជមួយ ដែលរីកចម្រើនយ៉ាងរហ័សមិនត្រឹមតែទំហំទ្រព្យសរុបមួយផ្នែកនោះទេតែចំនួនអតិថិជនក៏មានការកើនឡើងជាលំដាប់ផងដែរ។ដើរតួជាធនាគារនៅក្នុងយុគសម័យដែលធ្វើប្រតិបត្តិការតាមបែបឌីជីថល និងការផ្តោតសំខាន់លើសេវាអតិថិជនក្រៅពីការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត (Mobile Banking) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (smartBiz) និងប្រព័ន្ធបេឡាករចល័តសម្រាប់ការពិគ្រោះយោបល់ធនាគារPPCBank មានគោលបំណងធ្វើបដិរូបកម្មដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីរបស់ធនាគារដល់អតិថិជនរបស់ខ្លួនរួមនឹងសេវាកម្មដែលមានស្ដង់ដារខ្ពស់ចំពោះអតិថិជនដែលមានទ្រព្យសម្បត្តិច្រើន។ធនាគារPPCBank មានការគាំទ្រយ៉ាងពេញលេញពីJB Financial Group (JBFG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញក្នុងការគ្រប់គ្រងជំនួញប័ណ្ណសកលអស់រយៈពេលជាច្រើនឆ្នាំដោយមានទ្រព្យសកម្មសរុបជិត៥០ពាន់លានដុល្លារ។
ប្រទេសកម្ពុជារយៈពេលប្រាំឆ្នាំកន្លងទៅនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានកើនឡើងជាលំដាប់តាមរយៈការផ្ដល់នូវប្រាក់ចំណូលដែលអាចចាយវាយផ្សេងៗបន្ថែមដល់ប្រជាជនកម្ពុជា។ដូចគ្នានេះដែរប្រជាជនកម្ពុជាកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើការទទួលទានអាហារនៅខាងក្រៅគេហដ្ឋាន និងការឲ្យតម្លៃលើការធ្វើដំណើរកំសាន្តទាំងក្នុងស្រុក និងក្រៅប្រទេស។
កម្ពុជាជាមួយនឹងការរីកចម្រើនអស់មានរយៈពេលជាងមួយទសវត្សរ៍មកនេះ ឥរិយាបទ និងការគិតរបស់ប្រជាជនកម្ពុជាចំពោះវិស័យធនាគារមានការផ្លាស់ប្តូរលើកំណើនតម្រូវការសម្រាប់ផលិតផល និងសេវាធនាគារផ្ទាល់់ខ្លួន។ ធនាគារPPCBank កំពុងតែអភិវឌ្ឍជាបន្តបន្ទៀប់ដើម្បីធានាថាពួកយើងតែងតែផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៍ត្រឹមត្រូវដល់អតិថិជន ។ លោកSHIN ប្រធានប្រតិបត្តិធនាគារPPCBank បាននិយាយថា“យើងរង់ចាំពិភាក្សាជាមួយដៃគូសហការរបស់យើងDiners Club International ដើម្បីផ្ដល់ជូននូវផលិតផលដែលមានកិត្តិនាមនេះដល់ប្រជាជនកម្ពុជាដើម្បីបំពេញ និងជម្រុញព្រំដែននៃតម្រូវការផលិតផលដែលមានស្តង់ដាខ្ពស់ហើយក៏ជាផ្នែកមួយដែលអាចជម្រុញសង្គមកម្ពុជាឲ្យចូលរួមក្នុងការធ្វើសមាហរណកម្មសកលឲ្យទាន់ពេលផងដែរ”៕ វឌ្ឍនា