ខេត្តព្រះវិហារ ៖ យោងតាមពាក្យ បណ្តឹងចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ របស់ឈ្មោះ លៀម ដា ភេទស្រី អាយុ ៥៨ឆ្នាំ ជាជនពិការ បច្ចុប្បន្នរស់នៅ ភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានដាក់ពាក្យបណ្ដឹងមកសាលាក្រុងព្រះវិហារថា មានជនខិលខូច ៣នាក់ ១-ឈ្មោះ ទេព សារិន ២-ឈ្មោះ ផាន់ណា ទាំងពីរនាក់ បានយកដីស្រែចម្ការ របស់គាត់លក់ឲ្យទៅឈ្មោះ ឯក សំអាត ។
នៅក្នុងពាក្យបណ្ដឹង បានឲ្យដឹងទៀត ថា ដីនោះស្ថិតនៅស្រែទី៣ អូរខ្នុរ ស្ថិតនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះ វិហារ ហើយត្រូវបានអ្នកទាំង៣នាក់នេះ ឃុបឃិតរំលោភយកដីស្រែ និងដីចម្ការ របស់គាត់ទៅលក់ និងយកជាកម្មសិទ្ធិ ។
តាមជនរងគ្រោះជាម្ចាស់ដី បានលើក ឡើងថា ជុំវិញបណ្ដឹងខាងលើនេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់បានដោះស្រាយឲ្យគាត់នៅឡើយទេ ហើយក៏មិនទាន់មានវិធានការចំពោះជនខិលខូចនោះឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អ្នកស្រី លៀម ដា រង់ចាំ និងទទូចសុំឲ្យ អាជ្ញាធរក្រុងព្រះវិហារ ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តមេត្តាជួយពន្លឿនការដោះស្រាយឲ្យគាត់បានឆាប់រហ័សផង បើមិនដូចច្នេះទេ វានឹងខាតបង់នូវការដាំដុះ ដើម្បីចិញ្ចឹមជីវិតរបស់គាត់ជាមិន ខានឡើយ ៕ ហេង នរិន្ទ្រ