ភ្នំពេញ៖ ជនសង្ស័យម្នាក់បានផ្លោះរបងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចទូរស័ព្ទបានចំនួន២គ្រឿងបានសម្រេច បំរុងគេចខ្លួន តែម្ចាស់ដឹងខ្លួនទាន់ ចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះជួលមួយកន្លែង សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះចៅ ហ្វា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅកន្លែងកើតហេតុ ។ ជនសង្ស័យឈ្មោះ និត វណ្ណនិច ភេទប្រុស អាយុ១៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅក្នុងអង្គការ សង្កាត់មានជ័យ១ ខណ្ឌមានជ័យ ។
តាមសម្តីម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានសម្រាក់ក្នុងបន្ទប់ ខណៈកំពុងលង់លក់ ស្រាប់តែមានលោកអ៊ុំម្នាក់បានគោះទ្វារផ្ទះ ពេលនោះរូបគាត់បានបើកទ្វារសួរនាំ ស្រាប់តែលោកអ៊ុំប្រាប់ថា មានជនសង្ស័យម្នាក់ផ្លោះរបងចូលទៅខាងក្នុងផ្ទះបាត់ហើយ ។
ប្រភពបន្តថា ភ្លាមនោះរូបគាត់បានមកមើលស្រាប់តែបាត់ទូរស័ព្ទចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាក iPhone 5 និងiPhone 8 ភ្លាមនោះពួកគាត់ ក៏បានដើររកគ្រប់ទីកន្លែង ក៏ឃើញជនសង្ស័យកំពុងពួនសម្ងំនៅក្នុងបន្ទប់ទឹក ទើបចាប់វាយម្នាក់មួយដៃមួយជើងរួ ចរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ