ភ្នំពេញ: រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បានបើកបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ហើយបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ ទុកតែស្លាកលេខ រថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប តាមបណ្តោយផ្លូវ២៥៧ កែងនឹងផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក វីស្តូរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-3332 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ១៤៦ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីសLX៤៧០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-5979 ដែលបើកបរតាមបណ្តោយផ្លូវ១៤៦ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តវីស្តូរចំកង់ខាងក្រោយចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះ រងការខូចខាត។ ចំណែកឯរថយន្តបង្កមិនបានឈប់ចុះមកដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកយករថយន្តនិងស្លាកលេខរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាជាក្រោយ ៕ ជ្រោយពេជ្រ