ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវយន្តការ ៣ ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍរីកចំរើនលើវិស័យ នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងបែប ខណៈលោកចូលរួម ជាអធិបតីភាព ក្នុងពិធី បើកសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្ដិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និង សាលាក្រុងប៉ារីស២០១៦ -២០១៨លើវិស័យនគរូបនីយកម្ម នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៏ ១២កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ មេសា ឆ្នាំ២០១៨ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ដោយឯកភាពដាក់ចេញនូវយន្តការ៣ ទី១គឺ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីជាមួយនឹងវិស័យឯកជន ទី២ ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយទីក្រុងសម្ព័ន្ធមេត្រី និងទី៣ភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយសង្គមស៊ីវិល ដើម្បីចូលរួមសហការជាមួយសាលារាជធានីភ្នំពេញ ក្នុងការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ដូចជាថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ សំណង់អគារខ្ពស់ៗ ផ្លូវក្រោមដី ស្ពានអាកាស និងបន្តពង្រីកផ្លូវមួយចំនួន ដើម្បីឆ្លើយតប ទៅនឹងលំហូរចរាចរណ៍នៃយានយន្ត អោយសោភ័ណភាពកាន់តែស្រស់បំពង្រង និងវិស័យបន្ថែមទៀត ។ អង្គសិក្ខាសាលា នេះធ្វើឡើង មានគោលបំណងប្រែក្លាយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ អោយទៅជាតំបន់អភិវឌ្ឍបៃតង និងការជម្រុញ នៃការអភិវឌ្ឍតំបន់នោះអោយបានចៀសផុតពីគ្រោះទឹកជំនន់នារដូវស្សា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍នៃការរៀបចំទីក្រុងអោយមានភាពស្រស់បម្រងនិងអោយតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ ។ រាជធានីភ្នំពេញ មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាហឆាប់រហ័ស រហូតដល់៣.២៥% ក្នុង១ឆ្នាំៗ។
លោកបន្តថា បច្ចុប្បន្នចំនួនប្រជាជនទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់ ១.៧លាននាក់ គឺប្រមាណជា៥៦% នៃប្រជាជនទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។
លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង បានថ្លែងថា៖ ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារពីរ ត្រូវបានដាក់អោយសិក្សា ទី១ គឺការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថីព្រះស៊ីសុវត្ថិ។
លោកស្រីបន្តថា ដើម្បីធ្វើការងារខាងលើអោយបានជោគជ័យ គឺមានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋានក្នុងការកែតម្រូវអោយត្រូវនឹងតថភាពជាក់ស្តែងក្នុតំបន់នោះ។ វិធីសាស្រ្តនោះតម្រូវអោយយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដូចមានការងាររួមចម្រុះ ដែលទាមទារអោយ គ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍ មន្ទីររៀបចំដែនដីនគរូបនីយកមមនិងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ៕ សំរិត