ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអីុរ៉ង់៖ ដូណាល់ ត្រាំ មិនចេះក្នុងការដឹកនាំនយោបាយឡើយ

ចែករំលែក៖

ប្រធានាធិបតីអីុរ៉ង់ លោក រូហានី បាន លើកឡើងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមនុស្សមិនមានចំណេះ ដឹងផ្នែកនយោបាយ ឬឆ្លងកាត់សាលា បង្រៀន នយោបាយនោះឡើយ ដោយ លោកចេះតែរកសុីប៉ុណ្ណោះ ។ ទាំងនោះ ហើយបានធ្វើឲ្យនយោ បាយពិភពលោក ជួបនូវបញ្ហាមិនចេះចប់មិនចេះហើយ។

ប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រូហានី បានចោទសួរពីភាពស្របច្បាប់នៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច ក្នុងការកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអុីរ៉ង់។ ប្រធានាធិបតីរូបនេះថែមទាំងហៅ លោក ដូណាល់ ត្រាំថាជាមនុស្សគ្មាន ចំណេះដឹងផ្នែកនយោបាយ ក្រៅតែពីរកស៊ី ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ប្រតិកម្មខ្លាំងៗរបស់លោក រូហានី ផ្ទុះឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក អេមម៉ា នុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ប្រកាសថាសហរដ្ឋអាមេរិក និងបារាំងកំពុងធ្វើការងារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយដែលអាចពង្រីកលក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ ២០១៥។ ប៉ុន្តែ លោក រូហានី បានអះអាងថាពួកគេគ្មានសិទ្ធិចរចាកិច្ចព្រមព្រៀង ០៧ភាគីនេះឡើងវិញនោះទេ។

លើសពីនេះទៅទៀត លោកក៏បានចាត់ ទុកផងដែរថា លោក ដូណាល់ ត្រាំ ជាមនុស្សចេះតែរកស៊ី គ្មានគុណសម្បត្តិ អ្វីមក អត្ថាធិប្បាយលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ។ «លោក (លោកត្រាំ) គ្មាន ចំណេះដឹងនយោបាយ។ លោកគ្មាន ចំណេះដឹងខាងច្បាប់ ហើយលោកក៏គ្មានចំណេះដឹងខាងសន្ធិសញ្ញាអន្តរជាតិដែរ»។ នេះជាការលើកឡើងរបស់លោក ហាស្សាន់ រូហានី។

ភាពតានតឹង រវាងអីុរ៉ង់និងប្រទេស លោកខាងលិច បានធ្វើ ឲ្យអីុរ៉ង់ពិចារណា ឈប់ប្រើប្រាស់ ភាសាអង់គ្លេស ជាភាសា ទីពីរ របស់ខ្លួនដោយជំនួសវិញនូវភាសា រុស្ស៊ី។ ក្រសួងអប់រំអុីរ៉ង់បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់ មានបំណងជំនួសភាសា អង់គ្លេស ដែលជាភាសាបរទេសទី ២ នៅក្នុងប្រព័ន្ធអប់រំអុីរ៉ង់ ដោយភាសាដទៃ ក្នុងនោះរួមមានទាំងភាសារុស្ស៊ី ខណៈកិច្ច ចរចាលើវត្ថុបំណងនេះ កំពុងធ្វើឡើងជា មួយក្រសួងអប់រំរុស្ស៊ី។

នេះគឺជាប្រកាសរបស់រដ្ឋមន្ត្រីអប់រំអុីរ៉ង់ លោក សេយយ៉េដ ម៉ូហាំម៉េដ បាសៃ (Seyyed Mohammad Bathaei) នៅ ឯជំនួបជាមួយ លោក Vyacheslav Nikon ov ជាប្រធានគណៈកម្មាធិការសភារុស្ស៊ី ទទួលបន្ទុកផ្នែកអប់រំ និងវិទ្យាសាស្ត្រ នាឱកាសដែល លោកបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅក្នុងសប្ដាហ៍ នេះ។ ថ្លែងនៅក្នុងជំនួបនោះដែរ លោក Bathaei បានលើកឡើងដូច្នេះថា «គោល នយោបាយអប់រំរបស់ រដ្ឋាភិបាលអុីរ៉ង់ កំពុងមានបំណងបិទបញ្ចប់ភាពផ្ដាច់មុខនៃភាសាអង់គ្លេស ក្នុងនាមជាភាសាបរទេសទី ២ ក្នុងប្រព័ន្ធអប់រំអុីរ៉ង់ហើយ ជំនួសមក វិញដោយភាសាបរទេសដទៃ ជាពិសេសគឺ ភាសារុស្ស៊ីតែម្ដង»។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាជនអុីរ៉ង់ ១.០០០គ្រួសារប៉ុណ្ណោះ បាននិងកំពុងបង្រៀនភាសារុស្ស៊ីដល់កូនៗរបស់ពួកគេ ជំនួសភាសាអង់គ្លេស។ នេះបើតាម លោក ម៉ូសិន សូចៃ (Mohsen Shojaie) សាស្ត្រា ចារ្យមកពីសាកលវិទ្យាល័យ Azad ក្នុង ទីក្រុងតេអេរ៉ង់។ ដូច្នេះការបែរទិសដៅទៅរកភាសាផ្សេងក្រៅពីអង់គ្លេសនោះ វាពិត ជារឿងដែលលំបាកហើយ សម្រាប់ ប្រទេសអុីរ៉ង់ ដោយយ៉ាងហោចណាស់ក៏ត្រូវការពេលរាប់ទសវត្សរ៍ដែរ ក្នុងការប្តេជ្ញាចិត្តបត់ចង្កូតបែបនេះ។

ពាក់ព័ន្ធនឹងស្ថានភាពនោះដែរ ប្រធា នាធិបតីបារាំង លោក ម៉ាក្រុងបានបញ្ជាក់ ថា ប្រធានាធិបតីអាមេរិកដូណាល់ម ត្រាំ អាចនឹងលុបកិច្ចព្រមព្រៀង ជាមួយអីុរ៉ង់។ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បាន លើកឡើង នៅចុងបញ្ចប់នៃ ដំណើរទស្សន កិច្ចផ្លូវរដ្ឋរយៈពេល បីថ្ងៃទៅកាន់សហ រដ្ឋអាមេរិកថា “ទស្សនៈរបស់ខ្ញុំ គឺថាគាត់ នឹងលុបចោលកិច្ចព្រមព្រៀងនេះ ដោយ ខ្លួនឯងសម្រាប់ មូលហេតុក្នុងស្រុក”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ មានពេលរហូត ដល់ថ្ងៃទី១២ ខែឧសភា ដើម្បីសម្រេចចិត្តលើកិច្ចព្រមព្រៀងនេះ ដែលមានបំណង ការពារអុីរ៉ង់ ពីការទទួលបានអាវុធនុយ ក្លេអ៊ែរ ដោយលោក គឺជាអ្នករិះគន់យ៉ាង ខ្លាំង ចំពោះកិច្ចព្រមព្រៀងនេះ ដោយ ហៅវាថា “ឆ្កួតៗ” ។

នៅថ្ងៃពុធលោកម៉ាក្រុង បានប្រើភាសា ស្រដៀងគ្នានេះ ដើម្បីរៀបរាប់ពីការផ្លាស់ប្តូរជាញឹកញាប់នៅក្នុងទីតាំងរបស់សហ រដ្ឋអាមេរិក លើបញ្ហាសកល រួមទាំងការ ផ្លាស់ប្តូរអាកាសធាតុ និងកិច្ចព្រមព្រៀង អុីរ៉ង់ផងដែរ។

កិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ ចិន និងរុស្ស៊ី ស្វែងរក ការការពារពីអង្គការ សហប្រជាជាតិ

កាលពីថ្ងៃទី២៤ ចិន និងរុស្ស៊ី បានជំរុញឲ្យស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បង្ហាញនូវការគាំទ្ររបស់ខ្លួនដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនោះ ដែលស្នើឡើង ដោយមហាអំណាច ទាំងពីរ ក្នុង ការប្រឆាំងទៅនឹងអាមេរិក កុំឲ្យដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

ចិន និងរុស្ស៊ី ដែលជាអ្នកគាំទ្រធំជាងគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ជាពិសេសរុស្ស៊ី បានខិតខំស្វែងរកការគាំទ្រពីបណ្ដាប្រទេសដទៃ ដើម្បីការពារកិច្ច ព្រមព្រៀងនេះ។ នៅថ្ងៃអង្គារទី២៤ រុស្ស៊ីបានជំរុញឲ្យស្ថាប័នទទួលបន្ទុកកិច្ចការ កាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ចិននិងរុស្ស៊ី ដើម្បីដាក់សម្ពាធទៅលើប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កុំឲ្យដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

កន្លងមកនៅក្នុងសន្និសីទពិភាក្សាអំពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវនៃ ប្រទេសស្វុីស ប្រធានអង្គភាពគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ី លោក Vlad imir Yermakov បានពិពណ៌នាថា កិច្ចព្រមព្រៀងអុីរ៉ង់ជាកិច្ចព្រមព្រៀងមានភាពផុយស្រួយ ហើយរាល់ការប៉ុនប៉ងធ្វើវិសោធន កម្មនឹងប៉ះពាល់ដល់គ្រប់គ្រងការរីកសាយភាយនុយក្លេអ៊ែរសកល។ លោកក៏បាន អំពាវនាវឲ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រដល់កិច្ចព្រមព្រៀងអុីរ៉ង់មួយនេះ។

ប្រធានអង្គភាពគ្រប់គ្រងអាវុធរុស្ស៊ីរូបនេះ បានប្រាប់ទៅសារព័ត៌មានរ៉យទ័រថា ក្រោយពីសន្និសីទនៅក្រុងហ្សឺណែវរយៈពេល២សប្តាហ៍នេះត្រូវបានបញ្ចប់ លោកសង្ឃឹមថានឹងទទួលបានការគាំទ្រពីបណ្ដាប្រទេសធំៗ រួមទាំងសម្ពន្ធមិត្តរបស់អាមេរិកក្នុងទ្វីបអឺរ៉ុបដែលបានសម្តែងការគាំទ្រ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់នេះ មុនថ្ងៃកំណត់ទី១២ខែឧសភាខាងមុខដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នឹងធ្វើសេចក្តីសម្រេចថា តើអាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងនេះឬអត់?៕ ម៉ែវ សាធី


ចែករំលែក៖