ព័ត៌មានទាន់ហេតុការណ៍៖

មហាជនរិះគន់ការប្រកាសតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំងឪពុកចូលនិវត្តន៍កូនប្រុសបង្កើតឡើងកាន់តំណែងបន្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ការប្រកាសតែងតាំង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំង កាលពីថ្មីៗ បានធ្វើឲ្យមន្ត្រីរាជការចាស់ៗក្នុងមន្ទីរមួយនេះខកចិត្ត និងមានសតិអារម្មណ៍យ៉ាងខ្លាំងហើយ មជ្ឈ ដ្ឋានមហាជនក៏នាំគ្នារិះគន់កប់ៗមាត់។

លោក ទិត្យ វង្សវិសាល ដែលមានតួនាទីអនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ជំនួសលោក ទិត្យ ណាង អតីតប្រធានមន្ទីរដែលដល់ អាយុចូលនិវត្តន៍ ត្រូវជាឪពុកបង្កើតរបស់ លោកប្រធានមន្ទីរថ្មីនេះតែម្តង។

មន្ត្រីរាជការដែលបម្រើការងារក្នុងមន្ទីរមួយនេះ បានសម្តែងក្តីអស់សង្ឃឹម និងបាក់ ស្មារតីក្នុងការបំពេញភារកិច្ច តួនាទី ព្រោះតែមន្ត្រីចាស់ៗដែលមានបទពិសោធការងារ និងមានជំនាញជាច្រើននាក់ ជាពិសេសពួកគាត់បានបម្រើសង្គមជាតិម្នាក់ចាប់ពី២០ឆ្នាំឡើង មិនត្រូវបានថ្នាក់លើមើលឃើញ តែងតាំងជាប្រធានមន្ទីរនោះទេ ។ បែរជា មន្ត្រីវ័យក្មេងទើបតែចូលបម្រើការងារសោះ មានឱកាសដល់ថ្នាក់លើផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរទៅវិញ។

អ្វីដែលធ្វើឲ្យមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាមហាជនរិះគន់ នោះ គឺអតីប្រធានមន្ទីរលោក ទិត្យ ណាង ដែលត្រូវចូលនិវត្តន៍ជាឪពុកបង្កើតរបស់ លោក ទិត្យ រង្សវិសាល ដែលត្រូវប្រកាសចូលកាន់តំណែងស្នងបន្តកៅអីរបស់ឪពុកដូចជាខ្វះមនុស្សដាក់ណាស់អ៊ីចឹង ។

សូមរំឭកថា ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចរវាងឪពុកនឹងកូនបង្កើតនេះដើម្បី គ្រប់គ្រងបន្តក្នុងមន្ទីរឧស្សាហកម្ម និង សិប្បកម្មនេះ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ឈួរច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជ ការមន្ទីរនានាជុំវិញខេត្តផងដែរ ។

មន្ត្រីមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការតែងតាំងកូនឱ្យបន្ត តំណែងជាប្រធានមន្ទីរពីឪពុកយ៉ាងដូច្នេះ វាអាក្រក់មើលខ្លាំងណាស់។ សម្រាប់មន្ត្រី ចាស់ៗក្នុងអង្គភាពដែលបានខិតខំធ្វើការ បម្រើជាតិតាំងស៊ីអង្ករគីឡូរយៈពេល ៣០ឆ្នាំទៅ៤០ឆ្នាំម្នាក់ៗបានបាក់ទឹកចិត្ត ផងដែរ។

មន្ត្រីទាំងនោះ បានលើកឡើងទៀតថា មន្ត្រីខ្លះបម្រើការងារជាច្រើនឆ្នាំកន្លងមក ហើយសូម្បីតែតំណែងជាប្រធានការិយាល័យមិនបានផង។ ផ្ទុយពីកូនមន្ត្រីខ្លះទើបតែចូលធ្វើការសោះឡើងបុណ្យឡើងស័ក្តិលឿនដូចឡើងជណ្តើរយន្ត។ តើការតែងតាំងនេះថ្នាក់មើលលើសមត្ថភាពតាមសែ បក្ខពួកនិយម ឬ ដោយសារលុយ ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែង ថា លោក ទិត្យ ណាង អតីប្រធានចាស់ដែលត្រូវចូលនិវត្តន៍ ដែលជំនួសមកវិញដោយ កូនប្រុសបង្កើតនោះ ត្រូវបានតែងតាំងជា ទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានឋានៈស្មើអគ្គនាយករង។ ប៉ុន្តែលោក ទិត្យ ណាង ត្រូវបានក្រសួងចាត់តាំងឱ្យ ទទួលបន្ទុកជាជំនួយការលើការងារ ឧស្សាហ កម្ម និងសិប្បកម្ម នៅខេត្តកំពង់ឆ្នាំងនេះជាបន្តទៀតសិន ដើម្បីជួយណែនាំ និងផ្ទេរ ចំណេះដឹងបទពិសោធន៍ផ្ទាល់ខ្លួនជូនដល់ អ្នករួមការងារជំនាន់ក្រោយ ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានលើក ឡើងពីការធ្វើប្រតិភូកម្មអំណាចការងារ របស់ក្រសួងមួយចំនួនជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានស្នើឲ្យមានការយកចិត្តទុកដាក់សហការគ្នាធ្វើឲ្យមាន ប្រសិទ្ធភាព ក្នុងការងារតែម្តង ៕ ហេង នរិន្ទ្រ


ចែករំលែក៖