ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រានិងមានសតិមិនគ្រប់ ឃើញអ្នកស្រវឹងដើរកាត់មុខវាយមួយព្រនង់ឫស្សីក្លាយជាអ្នកទោស

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់ត្រួវនគរបាលឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សា ដោយ បានយកដំបងឬស្សីវាយទៅលើក្បាលបុរសម្នាក់ទៀតបណ្តាលឲ្យបែកហូរឈាម ពេលជនរងគ្រោះដើរទន្ទឹមនិងបុរសនេះដែលកំពុងស្រវឹងស្រាជោកជាំ។

ការឃាត់ខ្លួនបុរសនេះធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ សុក្រ ១៣ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នុំ ផាន ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅភូមិខាងលើ (មានស្នាមមុតក្បាលខាងឆ្វេងចំនួន១កន្លែង) កំពុងព្យាបាលនៅពេទ្យឃុំតាលន់ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ឹម ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ (ជាជនមានសតិមិនប្រក្រតី ដោយមិនអាចយកចម្លើយបាន) ដកហូតបានដំបងឫស្សីចំនួន១ ។

មុនពេលកើតហេតុ ឈ្មោះនុំ ផាន មានសភាពស្រវឹងស្រាកំពុងដើរត្រឡប់ទៅផ្ទះរបស់ខ្លួន លុះដើរដល់ទន្ទឹមផ្ទះឈ្មោះស៊ឹម ចន្ថា ពេលនោះឈ្មោះស៊ឹម ចន្ថាមានសភាពស្រវឹងស្រាដែរ បានឃើញឈ្មោះនុំ ផាន ដើរកាត់មុខក៏យកដំបងឫស្សីវាយក្បាលឈ្មោះនុំ ផាន បណ្ដាលឲ្យមុតហូរឈាម រួចឈ្មោះនុំ ផាន បានដើរទៅដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួនដោយមិនបានមកមន្ទីរពេទ្យព្យាបាលឡើយ ។ លុះដល់រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់ ទទួលបានព័ត៌មានខាងលើ ក៏ចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះមកពេទ្យឃុំតាលន់ ដើម្បីព្យាបាលរបួសស្នាម។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននៅម៉ោង៧និង៣០នាទីយប់ រួចនាំមកដល់ប៉ុស្ដិ៍តាលន់ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕សហការី


ចែករំលែក៖