ខេត្តព្រះសីហនុ ៖ ក្មេងប្រុសជាអនីតិជន៣នាក់ ត្រូវបានឪពុកម្តាយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីក្មេងៗទាំងនោះ មានអាការៈប្រកាច់ខុសប្រក្រតីដោយសារគេឲ្យផឹកថ្នាំប្រភេទគ្រវី កាលពីរសៀលថ្ងៃ សុក្រ ១៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៨ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងៗទាំងនេះត្រូវបានគេបង្ខំផឹកថ្នាំញៀនប្រភេទថ្នាំគ្រវី និងថាក្រោយកើតហេតុ ជនសង្សយ័ដែលដាក់ថ្នាំឲ្យក្មេងផឹកនេះត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់តាមទូរសព្ទ័នាថ្ងៃទី២៨មេសា ឆ្នាំ២០១៨នេះថា ក្មេងៗរងគ្រោះជាកូនចៅប្រជាពលរដ្ឋរស់នៅភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ។ បច្ចុប្បន្ននគរបាលជំនាញកំពុងសាកសួរជនសង្ស័យនិងកំណត់អំពីគោលបំណងរបស់ជនសង្ស័យដែលប្រព្រឹត្តសកម្មភាពនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យដឹងថា ក្មេងៗទាំងនេះ បច្ចុប្បន្នក្រោយពីខាងមន្ទីរពេទ្យជួយសង្គ្រោះរួចមក ត្រូវបានខាងអង្គការម្លប់តាប៉ាងនាំយកទៅមណ្ឌលរបស់អង្គការហើយ ដើម្បីផ្តល់ជំនួយផ្សេងៗ និងថែបំប៉នសុខភាពឲ្យប្រសើរឡើងវីញ ៕ សហការី