ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្រ្តីចំនួន ៦នាក់បានរងរបួសស្រាលធ្ងន់ និងច្រើននាក់ទៀតភ័យព្រលឹងចុងសក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយបានកើតឡើង បង្កឡើងដោយបុរសអ្នកបើកបររថយន្ត ១គ្រឿងបើកខុសផ្លូវ។
ហេតុការណ៍បង្កឲ្យគ្រោះថ្នាក់ចរាចរណ៍រងរបួសរដូករណែលខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 2B 4072 ឈ្មោះ នុញ ដាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតធ្កាក់ផ្លូវផ្នែកខាងស្ដាំដៃ រួចជ្រុលបុករបងផ្ទះអ្នកភូមិ និងភ្លឺស្រែខ្ពស់ៗទើបកល់ទ្រូងជាប់។ ប៉ុន្តែមិនក្រឡាប់នោះទេគ្រាន់តែអ្នកជិះនៅខាងក្នុងរថយន្តក្រឡុកបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ចំនួន ៦នាក់(ស្រី ៥នាក់)។
លោក អធិការបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានសមត្ថកិច្ចនគរបាល ជួយចាត់ចែងបញ្ជូនទៅព្យាបាលយ៉ាងយកចិត្តទុកដាក់ ចំណែកវត្ថុតាងរថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំ ដោះស្រាយគ្នាតាមនីតិវិធី ករណីខាងលើនេះបណ្ដាលមកពីអ្នកបើកបរបើកគេចរថយន្តផ្សេង ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នារួមទាំងចាំងភ្លើងហ្វាផងនោះ៕ ប៉ឹម ពិន