ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងរន្ទះបាញ់បំផ្លាញផ្ទះ៤ខ្នងឆក់យកជីវិតមនុស្សម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ និងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ០៤ខ្នងផ្សេងទៀតបានរងការខូចខាតរបើកដំបូលជញ្ជាំង និងឆេះអស់ទាំងស្រុងផងដែរ ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយឡាំទៅដោយផ្គរន្ទះ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ឃុំតាលោ ស្រុកបាកាន មានករណីខ្យល់កន្រ្តាក់បណ្ដាលឲ្យរងការខូចខាតរបើកដំបូលផ្ទះ ១ខ្នងទំហ៊ំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ របស់ឈ្មោះ ស្រី សំបាន ភេទប្រុស អាយុ ៥៩ឆ្នាំ ប៉ុន្តែពុំមានបង្កការរងរបួសដល់មនុស្សនោះឡើយ ដោយឡែក៖ នៅវេលាម៉ោងដដែលនោះដែរ ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកបាកានដដែល មានករណីរន្ទះបាញ់បណ្ដាលឲ្យផ្ទះ ១ខ្នងទំហ៊ំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រឆេះអស់ទាំងស្រុង របស់ឈ្មោះ មិន ផាន ភេទប្រុស អាយុ ៥៧ឆ្នាំ លុះវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃដដែល ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានគ្រោះធម្មជាតិខ្យល់កន្រ្តាក់បណ្ដាលឲ្យខូចខាតរបើកដំបូលផ្ទះ ១ខ្នង ដែលមានម្ចាស់ឈ្មោះ ទូច ឈុំ ភេទប្រុស អាយុ ៦៩ឆ្នាំ។

ក្នុងរបាយការណ៍បន្តថា នៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃវាំង ឃុំតាលោ ស្រុកបាកានដដែល មានករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ណែម ប៊ុនសេង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ នៅគ្រាដែលគាត់ចុះត្រងទឹកដាក់ពាង លុះវេលាម៉ោង៤ និង២០នាទី រសៀលថ្ងៃដដែល ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែងដដែលនោះដែរ មានគ្រោះធម្មជាតិរន្ទះបាញ់ម្តងទៀតបណ្ដាលឲ្យបែកចុងសសរច្រឡោង(ជើងរាង)ចំនួន ២ដើម និងបែកដំបូលក្បឿងច្រើនសន្លឹក ប៉ុន្តែពុំមានបង្កការរងរបួសដល់មនុស្សនោះទេ របស់ឈ្មោះ ខៀវ សំអាន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ។

របាយការណ៍ដដែលបន្តទៀតថា គ្រោះធម្មជាតិប៉ុន្មានករណីខាងលើ បានបំផ្លេចបំផ្លាញទ្រព្យសម្បាតិ និងរងការខូចខាតដំបូលរួមទាំងឆេះផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ០៤ខ្នង ឆក់យកជីវិតមនុស្សម្នាក់យ៉ាងសាហាវថែមទៀត ៕ ប៉ឹម ពិន


ចែករំលែក៖