ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់បានអញ្ជើញជួបកូនក្មួយកម្មកររួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតអញ្ជើញជួបសំណេះសំណាលជាមួយ លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) នៅក្រុមហ៊ុន Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្ទាល់តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន Minebea និងបុគ្គលិក ព្រមទាំងកម្មករ កម្មការនីទាំងអស់ដែលបានបង្កើតបរិយាកាសសប្បាយរីករាយក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា នេះ។
លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) ក៏បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់នូវភាពរីករាយដល់កម្មករ កម្មការនី នៅថ្ងៃនេះ ដែលចាត់ទុកជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន។ លោកប្រធាន ក៏បានមានប្រសាសន៍អំពីក្រុមហ៊ុនលោកដែលបានខិតខំរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋអោយមានការរីកចម្រើនទៅមុខទៀត។
មកទល់ពេលនេះ គឺក្រុមហ៊ុន Minebea (Cambodia) បានវិនិយោគលើទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ ហើយបើបូកទាំងការចំណាយទៅលើការដឹកជញ្ជូនផ្សេងៗទៀត គឺសរុបទាំងអស់ប្រមាណជា១៧០លានដុល្លាររួចហើយ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនរីករាយដែរដោយសារមានការគាំទ្រពី សម្ដេចតេជោ ដែលបានជួយអោយក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនអគ្គីសនីក្នុងការផលិតអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ kw ដែលជួយអោយតំលៃអគ្គិសនីធ្លាក់ចុះទាប ហើយក្រុមហ៊ុនមានលទ្ធភាពធ្វើការប្រកួតប្រជែងបាន។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់អំពីការពេញចិត្តក្នុងការរួមចំណែកធ្វើឲ្យទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងផ្សេងៗនៅប្រទេសកម្ពុជាឲ្យទៅជា Smart city ដែលមានគោលដៅធ្វើឲ្យអគ្គិសនីមានតម្លៃទាប។ លោកប្រធានក៏បានអញ្ជើញ សម្ដេចតេជោ ទៅទស្សនាគម្រោងនៅកោះពេជ្រដែលគាត់បានអនុវត្តគម្រោង កាត់បន្ថយការចំណាយទៅលើអគី្គសនី៩០% ដោយសារថាអគ្គិសនីនេះមិនឆេះចោលទេ នៅពេលណាអត់មានមនុស្សគឺវាស្រទុំៗ នៅពេលដែលមានមនុស្សដែលទើបវាឆេះភ្លឺ អញ្ចឹងហើយគឺនឹងធ្វើឲ្យការចំណាយកាត់បន្ថយ ៩០%។ លោកប្រធានបានស្នើសុំឲ្យសម្តេចតេជោជួយគាំទ្រក្រុមហ៊ុនរបស់លោក។
ក្រុមហ៊ុនមីនីបៀនៅកម្ពុជានេះវានឹងជួយទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសផ្សេងៗមកកម្ពុជា ព្រោះថាកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច មានស្ថេរភាព មានសុខសន្តិភាព។ លោកប្រធានបានសន្យាថានឹងខិតខំរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយនឹងខិតខំធ្វើយ៉ាងណាបន្ថែមការងារដល់ប្រជាពលរដ្ឋកម្ពុជាអោយមានការងារធ្វើកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់ក្រុមហ៊ុន Minebea ទន្ទឹមនឹងនេះ សម្ដេចតេជោ បានបញ្ជាក់ផងដែរថា សម្ដេចដូចជាឆ្មបដែលបានជួយបង្កើតក្រុមហ៊ុននេះឡើង។ ក្រុមហ៊ុននេះដូចជាទារក ដូច្នេះហើយសម្ដេច មិនបោះបង់ចោលទារកនេះទេ។ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហ៍កម្ម ២០១៥ -២០២៥ សម្ដេចចង់អោយមាននៅរោងចក្ររបៀបដូច Minebea នេះច្រើនថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានកោតសរសើរចំពោះការខិតខំរបស់មីនីបៀក្នុងការជួយក្នុងវិស័យអគ្គិសនី ជាពិសេសអភិវឌ្ឍន៍នូវ Smart city។ ហើយសម្ដេចបានចាត់ទុកថាជោគជ័យរបស់ Minebea គឺដោយសារតែយើងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ បានអបអរសាទរ និងស្វាគមដែល ក្រុមហ៊ុន Minebea ពេលនេះកំពុងរីកធំធាត់ក្លាយជាក្រុមហ៊ុនដ៏ធំមួយហើយ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសាជាថ្មី ចំពោះការរៀបចំឲ្យមានទិវាជួបជុំកម្មករក្នុងថ្ងៃ១ឧសភានេះ បានល្អ ហើយសម្តេចតេជោ ក៏បានជូនពរ លោក Yoshihisa Kainuma មានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ