ខេត្តសៀមរាប៖ ក្នុងជំនួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបជិត ៨០០នាក់នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានប្រាប់ឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសរបស់កម្ពុជា ដែលបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនពលរដ្ឋកម្ពុជាទាំងមូល។ ជាពិសេសបន្ទាប់ពីការតស៊ូរំដោះប្រទេសបានរួចផុតពីរបបកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនោះ សម្តេចបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបញ្ចប់ភ្លើងសង្គ្រាម ស្វែងរកសុខសន្តិភាពសម្រាប់ជាតិ និងបានអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យបានរីកចម្រើនគ្រប់វិស័យដូចពេលបច្ចុប្បន្ន។
«បងប្អូនត្រូវជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់យើង។ សម្តេចបានតម្កល់ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយគ្រប់ពេលវេលាទាំងអស់ គឺបានប្រឹងប្រែងអភិវឌ្ឍន៍ជាតិយើងឲ្យបានរីកចម្រើន និងជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនអតីតយុទ្ធជនរបស់យើងផងឲ្យមានភាពល្អប្រសើរ។ សម្តេច គឺជារដ្ឋបុរស គឺជាកុលបុត្រខ្មែរ ដែលពលីកម្មសព្វបែបយ៉ាងដើម្បីជាតិរបស់យើង ដូច្នេះយើងត្រូវតែជឿជាក់ និងត្រូវតែគាំទ្រសម្តេចនាយករដ្ឋមន្ត្រីរបស់យើង»។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់។
ទន្ទឹមនឹងការអំពាវនាវឲ្យជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់អតីតយុទ្ធជនត្រូវរួមគ្នាការពារឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងការប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន។
លោក គន់ គីម ក៏បានស្នើឲ្យអតីតយុទ្ធជនចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងាររាយការណ៍ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មានអំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ភាពមិនប្រក្រតី និង បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាឲ្យភូមិឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
តាមរបាយការណ៍អធិការស្រុកបន្ទាយស្រី ដែលជាប្រធានសមាគមអតីតយុទ្ធជនស្រុក បានឲ្យដឹងថា នៅស្រុកមានសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ មានជីវភាពលំបាកអត់ដី អត់ផ្ទះ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យសមាគម ស្រុកទៅសួរបញ្ជក់ពួកគាត់វិញ បើព្រមទៅនៅអន្លង់វែង ខេត្តឧត្តរមានជ័យ លោកនឹងដោះស្រាយដី និងផ្ទះជូនភ្លាម។
លោកតា ធូក លីន អាយុ ៧២ឆ្នាំជាយោធិនពិការសព្វថ្ងៃរស់នៅភូមិ ឃុំ រុនតាឯក ស្រុកបន្ទាយស្រី បាននិយាយទាំងញញឹមញញែមហើយបានថ្លែង «ពួកខ្ញុំមានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេដាយការពារជាតិ នាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន ដោយបានជួបឯកឧត្តម គន់ គីម ជាលើកទី២។ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែលបានចាត់នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិដល់យើងខ្ញុំ»៕