ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសេរីទំនើបមួយគ្រឿងបុករៈបង្គោលភ្លើងនិងរថយន្ដមួយទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំបានបើករថយន្ដសេរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលចង្កូតបុករៈបង្គោលភ្លើងបំភ្លឺ និងមួយគ្រឿងទៀតតែមិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត៣រំលងអាធ្រាតឈានចូលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលិចវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក RANGE ROVER ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-8558 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹត ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យដោយស្ថានភាពមានសភាពកោង និងអ្នកបើកបរបាត់បង់ម្ចាស់ការផងនោះ ក៏ជ្រុលចង្កូតឡើងឃឿនបុករៈបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួនពីរដើម និងរថយន្ដឡិចសុីសមួយគ្រឿងទៀតដែលឈប់លើចិញ្ចើមផ្លូវខូចខាតផ្នែកខាងក្រោយ ចំណែករថយន្ដខ្ទេចផ្នែកខាងមុខទាំងស្រុងតែម្ដង។

បើតាមសម្តីអ្នកបើករថយន្តបានឲ្យដឹងថា រូបគេទើបតែចេញពីជួបមិត្តភក្តីនៅ សោន ក្លឹប ហើយបំណងបើកទៅផ្ទះនៅម្ដុំផ្សារឌុយម៉េច តែមកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់តែម្ដង។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចុះមកស្ទួចយករថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើករថយន្ដបង្កយកទៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖