ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថដែលមានជំងឺ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ ជាក់ស្តែងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ទេព សុផាន់ណា បញ្ជាការរង ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នេះ។

លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ និងជូនពរសូមឱ្យមានសុភមង្គលក្នុងក្រុមគ្រួសារ ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់បានចូលបម្រើការក្នុងអង្គភាពវិញ ដើម្បីបន្តការងារថែរក្សារការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមរបស់យើងឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីក៏បាននាំយកនូវថវិកាចំនួន ២.៣៩៥.០០០៛ ដែលជាថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺប្រគល់ជូន លោកវរសេនីយ៍ឯក ដើម្បីជួយសម្រួលបន្ទុកក្រុមគ្រួសារថ្លៃព្យាបាលជំងឺផងដែរ។

លោកវរសេនីយ៍ឯក ទេព សុផាន់ណា និងក្រុមគ្រួសារ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់រំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ ធ្វើឱ្យមន្ត្រីក្រោមឱវាទយកអស់កម្លាំងកាយចិត្តអនុវត្តនូវតួនាទីភារកិច្ច និងការងារ មានការទទួលខុសត្រូវខ្ពស់ គោរពតាមបទបញ្ជា គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺអាយ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ចែករំលែក៖