ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងកាច់ផ្តាច់ទំនប់ស្តេចដែលកសាងពីសម័យសង្គមរាស្ត្រនិយម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀង រយៈពេល៤ថ្ងៃជាប់ៗគ្នា បានជន់លិចរហូតបង្កឲ្យដាច់ទំនប់ស្តេចជាង១០ម៉ែត្រ ស្ថិត ក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ថា ទំនប់ស្តេច ដែលកសាងនាសម័យសង្គម​រាស្ត្រនិយម មានប្រវែង ជាង១០គីឡូម៉ែត្រ ត្រូវបានជំនន់ទឹកភ្លៀងច្រោះដាច់ប្រវែង​ជាង១០ម៉ែត្រ កាលពីថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ។

លោកបានបញ្ជាក់ថាទំនប់(ស្តេច)នេះ គឺដាច់រាល់ឆ្នាំនៅពេលដែលមានជំនន់ទឹកភ្លៀងហើយប្រជាពលរដ្ឋបាននាំគ្នាទប់ដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ។

លោកបញ្ជាក់ថា តាមសំណូមពរប្រជាពលរដ្ឋស្រុកថ្មពួកសុំឲ្យអាជ្ញាធរជួយជួសជុលខ្នងទំនប់ឡើងវិញដើម្បីស្តុកទឹកទុកប្រើប្រាស់ តែអាជ្ញាធរស្រុករួមមន្ត្រីជំនាញចុះពិនិត្យឃើញថាបើជួសជុលទំនប់ឡើង វិញអាចដាច់នៅពេលមានជំនន់ទឹកភ្លៀង ពិគ្រោះនិងសិក្សាគម្រោងធ្វើផ្លូវបង្ហៀរទឹកទើបអាចទប់ទល់បានកំពុងសុំទៅមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យចុះសិក្សាគម្រោងនេះ៕ ហេង សូរិយា


ចែករំលែក៖