ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេកាលពីរសៀលថ្ងៃ អង្គារ ២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ក្រោយបាត់ខ្លួនមួយថ្ងៃពេលជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹកកាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
សាក្សីឈ្មោះ ឡាន់ ផៅ ភេទស្រី បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាទៀបភ្លឺគាត់បានឮសំឡេងលាន់ប្រាវនៅលើដងទន្លេតែមិនដឹងមានហេតុការណ៍អ្វីកើតឡើងនោះទេ ក្រោយមកនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ទើបទទួលព័ត៌មានថា មានមនុស្សបាត់ខ្លួនជាមួយនឹងទូកម៉ាស៊ីនមួយគ្រឿងដូច្នេះគាត់គិតថា ជារឿងដែលបានឮកាលពីទៀបភ្លឺនោះនោះឯង ។
ចំណែកសាក្សីម្នាក់ទៀតឈ្មោះ ងួន ទី ភេទប្រុស ក៏បានបញ្ជាក់ប្រាប់នគរបាលដែរថា នាវេលាទៀបភ្លឺគាត់ក៏បានឮសំឡេងទូកម៉ាស៊ីនបើកបរពីទន្លេខាងលើចុះមកទន្លេខាងក្រោមលុះដល់ចំណុចកើតហេតុឮសំឡេងបុកលាន់ប្រាវតែមិនប្រាកដថា ទូកបុកគ្នាឬទូកម៉ាស៊ីននោះបើកទៅបុកថ្មនោះទេ លុះព្រឹកឡើងទើបដឹងថា មានមនុស្សបាត់ខ្លួនរួមជាមួយទូកម៉ាស៊ីនទើបមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយមានក់តហេតុខាងលើ កម្លាំងនគរបាលអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់រួមសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយបានចុះស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសាររហូតដឹងថា ជនរងគ្រោះឈ្មោះ នូ តយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ។
តាមការធ្វើកោសល្យវិច័យពីមន្ត្រីនគរបាលជំនាញបានឱ្យដឹងថា ជនរងគ្រោះមានស្លាកស្នាមចំនួន៣កន្លែងស្លាកស្នាមនោះមានពីរកន្លែងនៅលើថ្ងាស និងមួយកន្លែងទៀតនៅត្រងបំពង់.ក ។ តាមការវិភាគរបស់មន្ត្រីនគរបាលជនរងគ្រោះមុនពេលស្លាប់បានប៉ះទង្គិចនឹងវត្ថុរឹងបណ្តាលរងរបួសធ្ងន់ហើយធ្លាក់ទៅក្នុងទឹក និងឈ្លក់ទឹកបន្ថែមស្លាប់តែម្តង ហើយករណីនេះអាចកើតឡើងដោយកាណូតបុករបស់រឹងអ្វីម្យ៉ាង ៕ សហការី