ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែល ថាមានភស្តុតាងគ្រប់គ្រាន់ អីុរ៉ង់បន្តកម្មវិធីបរមាណូ តែប្រធាន IAEA ថាគ្មានឡើយ

ចែករំលែក៖

កន្លងមក នាយករដ្ឋមន្ត្រីអីុស្រាអែល លោកណេតាន់យាហ៊ួ បានបញ្ជាក់ថា អុីស្រាអែលមានភស្តុតាងគ្រប់គ្រាន់ដែល បញ្ជាក់ពីការនិយាយកុហករបស់អុីរ៉ង់ក្នុងបញ្ហានុយក្លេអ៊ែរ ដោយអីុរ៉ង់នៅតែបន្តកម្ម វិធីបរមាណូដដែល។ ប៉ុន្តែអង្គការត្រួតពិន្យថាមពលបរមាណូអន្តរជាតិ IAEA បញ្ជាក់ថារកមិនឃើញភស្តុតាងនោះឡើយ។

នៅយប់ថ្ងៃចន្ទ ទី៣០ ខែមេសា លោក នាយករដ្ឋមន្រ្តីអុីស្រាអែល ណេតាន់យ៉ាហ៊ូបានបង្ហាញប្រាប់ពិភពលោកនូវឯកសារគ្រប់ប្រភេទដែលបញ្ជាក់ពីសកម្មភាពផលិតអាវុធនុយក្លេអ៊ែរលួចលាក់របស់ប្រទេស អុីរ៉ង់ និងការនិយាយកុហករបស់អុីរ៉ង់។

កម្មវត្ថុរបស់លោកណេតាន់យ៉ាហ៊ូ គឺ ចង់និយាយសំដៅដល់កិច្ចព្រមព្រៀងនុយក្លេរអ៊ែរអុីរ៉ង់ដែលសហគមន៍អន្តរជាតិបានចុះហត្ថលេខាជាមួយទីក្រុងតេអេរ៉ង់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ អ្វីជាការកត់សម្គាល់ បទអន្តរាគមន៍របស់លោកណេតាន់យ៉ាហ៊ូពេលនេះបានធ្វើ ឡើង ១០ថ្ងៃមុនលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំត្រូវសម្រេចដក ឬមិនដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ។

វេទិកានៃការធ្វើបទបង្ហាញរបស់លោកណេតាន់យ៉ាហ៊ូនៅយប់ថ្ងៃទី៣០ ខែមេសាត្រូវបានរៀបចំល្អឥតខ្ចោះដោយមានការចាក់បញ្ចាំងលើផ្ទាំងសំពត់សនូវរូបភាព និងភស្តុតាងគ្រប់ប្រភេទដែលបង្ហាញពីផែនការសម្ងាត់របស់ប្រទេសអុីរ៉ង់ក្នុងកម្មវិធី ផលិតអាវុធនុយក្លេអ៊ែរ។ តាមលោក ណេតាន់យ៉ាហ៊ូ ផែនការសម្ងាត់នោះមាន ឈ្មោះថា « Amad » ដែលអុីរ៉ង់ចង់សម្រេចឲ្យបាននូវការផលិតគ្រាប់បែកបរមាណូនៅដំណាច់ទសវត្សឆ្នាំ ៩០ មុននឹងបោះ​បង់ចោលវិញក្នុងឆ្នាំ ២០០៣។ កម្មវត្ថុ របស់អុីរ៉ង់ គឺផលិតក្បាលនុយក្លេអ៊ែរចំនួន ៥ ដែលក្បាលនីមួយៗមានទម្ងន់ ១០គីឡូ តោន និងត្រូវយកវាទៅបំពាក់នៅលើគ្រាប់មីស៊ីលប្រភេទ Shahab ៣។

នៅក្នុងបទបង្ហាញដែលនិយាយជា ភាសាអង់គ្លេស លោកណេតាន់យ៉ាហ៊ូបានប្រាប់ឲ្យដឹងពីសំណុំឯកសារចំនួន ៥៥ ០០០ទំព័រ និង ១៨៣ CD ដែលក្រសួងស៊ើបការណ៍សម្ងាត់អុីស្រាអែលទទួលបាននាប៉ុន្មានសប្តាហ៍កន្លងទៅពីកន្លែងស្តុក ឯកសារសម្ងាត់ក្នុងទីក្រុងតេអេរ៉ង់។ តែលោកនេតាន់យ៉ាហ៊ូមិនបានទម្លាយឲ្យដឹងទេថា តើក្រសួងស៊ើបការណ៍សម្ងាត់អុីស្រាអែលទទួលបានឯកសារទាំងនោះយ៉ាង ដូចម្តេច និងដោយរបៀបណា។ តាមប្រមុខរដ្ឋាភិបាលអុីស្រាអែលរូបនេះដដែលបានបញ្ជាក់ថា ទោះបីជាអុីរ៉ង់បានបោះបង់ ចោលផែនការ « Amad » នេះក៏ដោយ ក៏ទីក្រុងតេអេរ៉ង់បានបន្តធ្វើការស្រាវជ្រាវតាមគ្រប់មធ្យោបាយក្នុងគោលដៅដូចគ្នា គឺ បំពាក់អាវុធនុយក្លេអ៊ែរ។

តាមរយៈបទបង្ហាញនេះ លោកណេតាន់យ៉ាហ៊ូចង់ប្រាប់ពិភពលោកពីការនិយាយកុហករបស់អុីរ៉ង់នៅក្នុងបញ្ហានុយក្លេអ៊ែរ ពិសេសចង់សំដៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ដែលសហគមន៍អន្តរជាតិបានចុះហត្ថលេខាជាមួយទីក្រុងតេអេរ៉ង់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងដែលលោកណេតាន់យ៉ាហ៊ូយល់ថា មិនគួរនឹងមានទេ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ របស់អីស្រាអែល អង្គការ IAEA បញ្ជាក់ ថា គ្មានតម្រុយណាមួយដែលបញ្ជាក់ពីការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ តាំងពីឆ្នាំ២០០៩ រហូតមកទល់ពេលនេះ នេះទេ។

នៅថ្ងៃអង្គារ ទី១ ខែឧសភា អ្នកនាំពាក្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ថា AIEA បានរម្លឹកជាថ្មីថា គ្មានសញ្ញាវិជ្ជមានគួរឲ្យជឿបានស្តីពីសកម្មភាពរបស់អុីរ៉ង់ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្រោយឆ្នាំ ២០០៩នោះទេ។ ការ ប្រកាសរបស់ AIEA យ៉ាងដូចនេះបាន ធ្វើឡើង ១ថ្ងៃក្រោយពីលោកនាយករដ្ឋ​មន្រ្តីអុីស្រាអែលនេតាន់យ៉ាហ៊ូបានអះអាងថា អុីស្រាអែលមានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ពីការនិយាយកុហករបស់អុីរ៉ង់ក្នុងបញ្ហានុយក្លេអ៊ែរ។ ចំណែកអុីរ៉ង់ក៏បានឆ្លើយបកនឹងលោកណេតាន់យ៉ាហ៊ូវិញថាជាមនុស្សនិយាយកុហក។

ការរម្លឹករបស់ AIEA ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលថា ក្រុមប្រឹក្សារដ្ឋបាល AIEA ធ្លាប់បាន ប្រកាសបិទបញ្ចប់ការពិនិត្យឡើងវិញលើព័ត៌មានស្តីពីសកម្មភាពរបស់អុីរ៉ង់ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពី AIEA បានទទួលរបាយការណ៍មួយក្នុងខែធ្នូ ឆ្នាំ ២០១៥។ ដោយមិននិយាយចំឈ្មោះលោកនេតាន់យ៉ាហ៊ូ អ្នកនាំពាក្យ AIEA បាន ពន្យល់បកស្រាយថា AIEA បានវាយតម្លៃលើព័ត៌មានទាំងអស់ដែលខ្លួនមានក្នុងដៃទាក់ទងនឹងគ្រប់សកម្មភាពនុយក្លេអ៊ែររបស់អុីរ៉ង់។

សេចក្តីប្រកាសព័ត៌មានរបស់ AIEA ដដែលបានបញ្ជាក់ថា នៅមុនឆ្នាំ ២០០៣ រចនាសម្ព័ន្ធមួយរបស់ AIEA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអុីរ៉ង់ដើម្បីត្រួតពិនិត្យលើសកម្មភាពមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ តែ AIEA បានទទួលស្គាល់ថានៅក្រោយ ឆ្នាំ ២០០៣ វាអាចកើតមានឡើងនូវសកម្មភាពមួយចំនួនដែលស្ថិតនៅក្រៅក្រប ខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ AIEA។ ចម្លើយរបស់ AIEA ដូចនេះ គឺដើម្បីឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្រ្តីអុីស្រាអែលណេតាន់យ៉ាហ៊ូនាយប់ថ្ងៃចន្ទ ទី៣០ មេសាដែលថា អុីស្រាអែលមានភស្តុតាងពេញលេញដែលបញ្ជាក់ពីការបន្តកម្មវិធីអាវុធនុយក្លេអ៊ែរលួចលាក់របស់អុីរ៉ង់។

ក្រៅពីប្រតិកម្មរបស់ AIEA ដែលមិនមែនជាទម្លាប់របស់ស្ថាប័នអន្តរជាតិមួយនេះ ក៏មានប្រតិកម្មពីអុីរ៉ង់ដែលជាភាគីរងការចោទប្រកាន់ផ្ទាល់ពីលោកណេតាន់យ៉ាហ៊ូ។ ក្រសួងការបរទេសអុីរ៉ង់បានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃអង្គារ ទី១ ឧសភាដោយច្រានចោលការលើកឡើងរបស់លោកណេតាន់យ៉ាហ៊ូ និងបានចោទនាយករដ្ឋមន្រ្តីអុីស្រាអែលរូបនេះពីបទនិយាយកុហក។ « ណេតាន់យ៉ាហ៊ូ និង របបឃោរឃៅអ្នកសម្លាប់កូនក្មេងគួរតែ យល់ថា មតិសាធារណៈក្នុងលោកមានការអប់រំត្រឹមត្រូវ និងមិនចេះតែល្ងង់ជឿលើការរៀបរាប់របៀបនេះឡើយ» នេះជាឃ្លា ឃ្លោងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអុីរ៉ង់។

ចំណែកលោកណេតាន់យ៉ាហ៊ូក៏បានឆ្លៀតឆ្លើយតបវិញក្នុងថ្ងៃអង្គារ ទី១ ខែឧសភានាឱកាសផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកមួយចំនួនដោយប្រើឃ្លាស្លូតថា អុីស្រាអែលមិនបានព្យាយាមចង់បង្កសង្រ្គាមជាមួយអុីរ៉ង់ទេ៕ ម៉ែវ សាធី


ចែករំលែក៖