ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតបត់ឆ្វេងឡើងស្ពានមិត្ដភាពកម្ពុជា-ចិនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់-ស្រាល៥នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿងជិះបត់ឆ្វេងបម្រុងឆ្លងស្ពានមិត្ដភាពកម្ពុជា-ចិនមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នា បណ្ដាលឲ្យទទួលរងរបួសធ្ងន់ស្រាល៥នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ចំណុចខាងជើងគល់ស្ពានមិត្តភាពកម្ពុជា-ចិនត្រើយខាងលិច ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស អត់ស្លាកលេខ ជិះដោយឈ្មោះ ខុន សេងហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពុទ្ធទ្រា ឃុំគោក ធ្លក ស្រុកអង្គបូរី ខេត្តតាកែវ (របួសធ្ងន់បាក់ជើងខាងស្ដាំ) រួមដំណើរជាមួយមានគ្នា២នាក់ ទី១-ឈ្មោះ វ៉ាន្នី សារឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល (របួសស្រាល) និងទី២-ឈ្មោះ ផូ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសស្រាល) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1T-6107 ជិះដោយឈ្មោះ សៀត សំរ៉ស់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ព្រី ហ្វាអ៊ីហ្សាស់ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (របួសស្រាល) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) ដោយឌុបគ្នា២នាក់ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបង្កបានបត់ឆ្វេងឆ្លងផ្លូវបម្រុងឡើងស្ពាន ខណៈនោះក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតពេញមួយទំហឹង ជិះក្នុងទិសដៅច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំងសងខាងទទួលរងរបួសធ្ងន់ម្នាក់និងស្រាល៤នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖