ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្លងផ្លូវធ្វេសប្រហែសមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្ដបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៩និង០៥នាទី ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ២១A ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ នី រតនៈ ហៅទែក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនៅដេប៉ូខ្សាច់ មានស្រុកកំណើតនៅភូមិទួល ឃុំធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AW-6049 ។ ចំណែករថយន្ដម៉ាកHILENDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-6222 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវដោយពុំបានមើលឆ្វេងមើលស្ដាំនិងគ្រប់ជ្រុងជ្រោយនោះទេ បណ្ដាលឲ្យបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាចំពីមុខ ធ្វើឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកបានចុះអន្ដរាគមន៍ពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖