ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់បានមួយក្រុម ។

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ លោកបានទទួលព័ត៌មានស្តីពីការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍តាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ហែម ណា (ហៅ ញ៉ាញ់) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ជា ប្រុសពៅ (ហៅ ប្រុស ) ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ ភាវ សុផាន់ថង ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងយោងទៅលើលទ្ធផលនៃការធ្វើតេស្តទឹកនោមរួចមក បានបញ្ជាក់ថា រូបគេទាំង ០៣នាក់(ជនសង្ស័យ) ពិតជាបានប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើតេស្តទឹកនោមទៅលើជនសង្ស័យខាងលើ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស សម


ចែករំលែក៖