ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជំនាញអគ្គិសនីកម្ពុជាបានចុះរុះរើបង្គោលភ្លើងមេនៅចំកណ្តាលទ្រូងផ្លូវណតប្រីដចេញបណ្តើរៗហើយ

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងមេនៅចំកណ្តាលទ្រូងផ្លូវណតប្រីដ ត្រូវបានជំនាញអគ្គិសនីកម្ពុជាបានចុះរុះរើជាបណ្តើរៗហើយ បន្ទាប់ពីមានការរិះគន់នានាពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឬ តាមបណ្តាសង្គម ហ្វេសប៊ុក គេហទំព័រ សារព័ត៌មាន និងការចុះផ្សាយតាមរយះកញ្ចក់ទូរទស្សន៍ ផ្សេងៗ អំពីបញ្ហាបង្គោលភ្លើងធំៗ នៅចំកណ្តាលទ្រូងផ្លូវ ណតប្រីដ នៃខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលកន្លងទៅបានបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកធ្វើដំណើរ បណ្តាឲ្យរបួស និងស្លាប់ជាបន្តបន្ទាប់នោះ ។

លោក ទ្រី ឈុនហេង អនុប្រធានអង្គភាពបណ្តាញបញ្ជូនអគ្គិសនីកម្ពុជា ប្រាប់អ្នកសារព័ត៌មានឲ្យដឹង តាមរយះទូរស័ព្ទ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ថា ការរុះរើខ្សែភ្លើងនេះចេញគឺធ្វើជាបណ្តើរៗ ដើម្បីឈានដល់ការដកបង្គោលភ្លើងមេធំៗនេះចេញ ។

លោកបន្តទៀតថា ការរុះរើនេះដែរ ប្រើរយះពេលយូរបន្តិច ព្រោះមិនអាចធ្វើទាំងបង្ខំបានទេ ព្រោះវាអាចប៉ះពាល់ដល់ការដាច់ភ្លើងមិនអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន ដូច្នេះហើយយើងត្រូវធ្វើតាមតំណាក់កាល អាចប្រើពេលជិត៣ខែ ទើបរួចរាល់ និងដកបង្គោលភ្លើងទាំងនេះចេញទាំងស្រុងតែម្តង ។ លោកបញ្ជាក់ថា ក្នុងការរុះរើខ្សែភ្លើងនេះដែរ គឺមិនមានការដាច់ភ្លើងអ្វីនោះទេ ។
ចំពោះប្រជាពលរដ្ឋ បន្ទាប់ពីដឹងថា បង្គោលភ្លើងធំៗ ដែលនៅលើទ្រូវផ្លូវ ណតប្រីដ ត្រូវបានរុះរើចេញនោះ ពលរដ្ឋមានការសាទរយ៉ាងខ្លាំង ដោយសារកន្លងទៅធ្លាប់មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដោយសារការបុកបង្គោលនេះឯង ។
សូមរំលឹកឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកជាច្រើនបានរិះគន់ និងថតបង្ហោះរូបបង្គោលភ្លើង ដែលស្ថិតនៅចំទ្រូងផ្លូវសម្រាប់ធ្វើដំណើរ ហើយអ្នកខ្លះបានហៅថា បង្គោលភ្លើងមរណៈជាដើម ។ ប៉ុន្តែត្រង់ចំណុចនេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយថា ដើមឡើយបង្គោលភ្លើងនេះ គឺស្ថិតនៅគៀនផ្លូវ ប៉ុន្តែដោយសារមានការពង្រីកផ្លូវបន្ថែម ទើបបង្គោលភ្លើងនេះស្ថិតនៅចំទ្រូងផ្លូវទៅវិញ ។

ចំពោះព័ត៌មាននេះ កន្លងទៅ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសុំទោសដល់អ្នកដំណើរទាំងអស់ ចំពោះករណីបង្គោលភ្លើងនេះ ហើយ លោក ក៏បានមានប្រសាសន៍ថា ផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងត្រូវដកបង្គោលភ្លើងទាំងអស់នោះចេញ ចាប់ពីចន្លោះខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨ ។ ប៉ុន្តែត្រូវរង់ចាំ មន្ត្រីអគ្គិសនីកម្ពុជា បង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន ៕ តុង សីហា


ចែករំលែក៖