ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី៤

ចែករំលែក៖

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ(Public Speaking Contest Program) សម្រាប់សិស្សថ្នាក់ទី៣ ទី៦​ ទី៩ និងទី១២ វគ្គផ្តាច់ព្រ័ត្រលើកទី៤ កម្រិត ប៊ែលធី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលា ប៊ែលធី អន្តរជាតិទី៩ សាខាស្ទឹងមានជ័យ ដែលមានបេក្ខជន ចំនួន ២៤នាក់ មកពី១៨សាខា និងមានអ្នកចូលរួមចំនួន ២០៨១ នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិងលោកស្រី។
​
តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង​នាយកសាខា​បាន​អោយ​ដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសា​អង់គ្លេស​ទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សា​តាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង​ទេពកោសល្យ និងទី៨.កម្មវិធីកីឡា។ ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើតបន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទី​តាំង​សាខាប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ទំនើបៗ សម្រាប់សិស្ស​ចំណេះទូទៅ​ចាប់ពី​ថ្នាក់​ទី៧​ដល់ទី១២​ ដើម្បី​សិក្សា​និង​ផ្សាភ្ជាប់​ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែងដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។

កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំ​ធ្វើ​១ឆ្នាំម្តង។ ការប្រកួតប្រជែងនិយាយជាសាធារណៈនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ

១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី ថ្នាក់ទី៣ដល់ទី១២ (ដែលមាន​អ្នកចូល​រួម​ប្រកួត​ប្រជែងសរុប៦៦២៣នាក់) រួចបញ្ជូនបេក្ខជនជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែង​ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់​ព្រ័ត្រ។​

២-កម្រិតប៊ែលធី (BELTEI Level): វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើនៅប៊ែលធីទី៥ ទី៩ និងទី១២ រួចបន្តទៅ វគ្គផ្តាច់ព្រ័ត្រធ្វើនៅសាលា ប៊ែលធី អន្តរជាតិទី៩ សាខាស្ទឹងមានជ័យ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ
​
-​លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់ 300$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន៣ឆមាស។ ដោយឡែកថ្នាក់ទី១២ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់150$
​
– ​លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ 200$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ២ឆមាស។ដោយឡែកថ្នាក់ទី១២ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់100$
​
– ​លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់ 100$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ១ឆមាស។ ដោយឡែកថ្នាក់ទី១២​ ទទួលបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់50$

បេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត ៣ថ្ងៃ ២យប់ ។

នៅឆ្នាំសិក្សា២០១៧-២០១៨នេះ សិស្សប៊ែលធីក៏បានជាប់សិស្សពូកែរាជធានី-ខេត្តនិងទូទាំងប្រទេស ថ្នាក់ទី៩ និង​ទី១២ សរុបចំនួន ១៧នាក់ ក្នុងនោះ សិស្សពូកែរាជធានី-ខេត្តថ្នាក់ទី៩ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ៥នាក់ គណិតវិទ្យា ២នាក់ រូបវិទ្យា​ ១នាក់ ថ្នាក់ទី១២មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ៥នាក់ គណិតវិទ្យា ១នាក់ រូបវិទ្យា ៣នាក់ និងបន្តជាប់សិស្ស​ពូកែ​ទូទាំងប្រទេសថ្នាក់ទី៩ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១ និងលេខ៨ថ្នាក់ទី១២ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ២នាក់ និងរូបវិទ្យា ១នាក់។

ក្នុងឱកាសនោះផងដែរលោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសសិស្សៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង​ពង្រឹងគុណភាពអប់រំផ្នែកចំណេះទូទៅឲ្យកាន់តែប្រសើរ ឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យសិស្សទាំងអស់ មានភាពក្លាហានបង្កើនទម្លាប់និយាយ បង្កើនទំនុកចិត្ត បង្កើនការស្រាវជ្រាវ ហ៊ាននិយាយ​ជាសាធារណៈ​ក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ សិស្សទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បីបង្កើន​ចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាព គ្រប់គ្រាន់ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ និង​ភាសា​ ហើយ​អាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានានៅក្នុងប្រទេស និង ក្រៅប្រទេស ​ មានសមត្ថភាពចូល​រួម​ប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជា​អ្នក​ដឹក​នាំល្អ ​និង ជាទំពាំង​ស្នងឫស្សី​ដ៏ល្អក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិទៅថ្ងៃអនាគត។

​ជាទីបញ្ចប់លោកបណ្ឌិត និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់ លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភីថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន​១២នាក់ ផងដែរ ៕ ស រស្មី


ចែករំលែក៖