ភ្នំពេញ៖ រថយន្តហាយឡែនឌ័រ បុកម៉ូតូស្តុបពី ចំពីក្រោយ បណ្តាលឲ្យនារីម្នាក់រងរបួសចង្កេះដើរមិនរួច ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០យប់ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវកុងតឺន័រថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀតបើកម៉ូតូម៉ាកហុកដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BD-0964 ជិះចេញពីកោះពេជ្រ ខណៈមកដល់កន្លែងកើតហេតុមានបុរសម្នាក់បើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលខ ភ្នំពេញ 2Z-2646 បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យនារីម្នាក់រងរបួសត្រង់ចង្កេះ ដើរមិនរួចហើយម៉ូតូរងការខូចខាតផ្នែកខាងក្រោយ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខនៃរថយន្តបែកស្តុបខាងឆ្វេង ចំណែកជនរងគ្រោះ២នាក់ទៀតរងបួសស្រាល។
ពេលក្រុមអ្នកសារព័ត៌មានទៅយកព័ត៌មានស្រាប់តែសមត្ថកិច្ចម្នាក់ដែលគេស្គាល់ថាព្រះនាម11C ត្រូវជាប្រធានផ្នែកចរាចរប៉ុស្តិ៏ទន្លេបាសាក់បានចាប់ទាញដៃអ្នកសារព័ត៌មានហើយនិយាយពាក្យសម្ដីមិនសមរម្យមកលើអ្នកសារព័ត៌មាន និងមិនឲ្យថតរូបគ្រោះថ្នាក់ចរាចរនេះទេ ហើយប្រាប់ឲ្យភាគីខាងម៉ូតូលើកជនរងគ្រោះដាក់ម៉ូតូ ហើយគាត់ឡើងរថយន្តជាមួយជនបង្កទៅដោះស្រាយនៅទីកន្លែងដែលស្ងាត់មិនឲ្យអ្នកសារព័ត៌មានដឹងឡើយ ៕ ជ្រោយពេជ្រ