ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយបុរសម្នាក់ បានរងរបួសធ្ងន់ បាក់ជើងទាំងសងខាង ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តសាំយុងមួយគ្រឿងបុកពីក្រោយពេញទំហឹងលាន់ដូចរន្ទះ កាលពីវេលាម៉ោង៦និង៤៨នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវ៣១៣០ ស្ថិតក្នុងភូមិស្រម៉រ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច នគរបាលស្រុកស្វាយទាបបានឲ្យនគរវត្តដឹងថា បុរសដែលរងគ្រោះមានឈ្មោះ ពេជ្រ មុន្នី អាយុ៤១ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខណៈជិះម៉ូតូម៉ាកហុងដាសង់កូរ៉េ ពណ៌ព្រីងទុំ ពាក់ស្លាកលេខស្វាយរៀង១D-០០៩៤ខូចខាតយ៉ាងដំណំ។
ចំណែករថយន្តបង្កម៉ាក សាំងយុង ពណ៌ សសំបកឪឡឹកពាក់ ស្លាកលេខភ្នំពេញ២X-៨៥៤៤ បើកបរដោយឈ្មោះ ឃឹម ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក សាំងយុង ពណ៌ សសំបកឪឡឹកពាក់ ស្លាកលេខភ្នំពេញ២X-៨៥៤៤ ដោយធ្វើដំណើរពីទិសដៅលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅ បុកនឹងម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ព្រីងទុំ ស្លាកលេខស្វាយរៀង១D-០០៩៤ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសជិះម៉ូតូ រងរបួសធ្ងន់ បាក់ជើងទាំងពីរសន្លប់ស្ដូកស្ដឹងនឹងកន្លែងតែម្ដង ក្រោយពីឃើញសភាពមិនស្រួលអ្នកបើករថយន្តរត់ចេញពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោល ។
ក្រោយមកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅព្យាបាលនមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ព្រមទាំងវាស់វែងនិងអូសយករថយន្ត និងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ ដើម្បីរង់ចាំដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន