ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមវាយប្លន់ម៉ូតូពីយុវតីម្នាក់បានសម្រេចនៅខណ្ឌសែនសុខគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវតីម្នាក់ត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១៩៨៦ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ សុិន សុភ័ណ្ឌ អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយបងសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅក្រុងព្រះសីហនុ ។

បើតាមសម្តីយុវតីម្នាក់ត្រូវជាមិត្តភក្តិនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងពួកគាត់ទាំង២នាក់បានជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ក្រហម មានស្លាកលេខ ភ្នំពេញ 1GD-4664 ទៅលេងកោះពេជ្រ លុះជិតភ្លឺក៏ត្រឡប់មកវិញ ដោយនារីរងគ្រោះជិះតែម្នាក់ឯង ចំណែករូបគាត់ជិះជាមួយសង្សារ។ ខណ:មកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មួយម៉ាកស្កុបពី និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម១២៥ មិនចាំស្លាកលេខ មកពីក្រោយគៀរឲ្យឈប់ហើយបានវាយទៅនារីរងគ្រោះ ដណ្តើមយកម៉ូតូជិះត្រឡប់ក្រោយទៅទិសខាងកើតបាត់ស្រមោល។

នារីរងគ្រោះក៏ឡើងជិះម៉ូតូជាមួយមិត្តភក្តិដេញតាមក្រោយមកដល់ផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក ក៏ជួបយុវជន២នាក់ជិះម៉ូតូហុងដាទ្រីម១២៥ស៊េរី ០១៨ មានការសង្ស័យក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏នាំខ្លួនជនសង្ស័យទាំង២នាក់និងនារីរងគ្រោះទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំ និងឲ្យនារីរងគ្រោះបានដាក់ពាក្យបណ្តឹងហើយឲ្យត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖