ខេត្តកណ្តាល ៖ ករណីអំពើឃាតកម្មមួយបង្កឡើងដោយអតីតជាប្តីបានធ្វើសកម្ម ភាពកាប់អតីតប្រពន្ធស្លាប់រួចរត់ឡើងលើស្ពានអ្នកលឿងលោតសម្លាប់ខ្លួនក្នុងទឹកទន្លេ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅនៅខេត្តកណ្តាលនោះគឺមិនទាន់ស្លាប់នោះទេ ។
លោកអធិការនគរបាលស្រុកលើក ដែកលោក រស់ ចន្ថា កាលពីព្រឹកថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨ បានឲ្យដឹងថា ករណីជនដៃដល់បានកាប់អតីតប្រពន្ធស្លាប់តាមផ្លូវហើយរត់ទៅលោតទឹកសម្លាប់ខ្លួននៅលើកស្ពាន អ្នកលឿងនោះមិនទាន់ស្លាប់នៅឡើយទេ វាជាយូរថ្ងៃមកហើយៗបើសិនជាស្លាប់ មែននោះគឺសពត្រូវតែអណ្តែតឡើងមក ហើយ។ សមត្ថកិច្ចបានប្ដូរពីករណីស្វែងរកសាកសពមកជាការស្រាវជ្រាវថា ឃាតក នៅរស់វិញ។ បច្ចុប្បន្នក្រុមសមត្ថកិច្ចស្រុកលើកដែកកំពុងស៊ើបអង្កេតស្រាវជ្រាវជា បន្តដើម្បីចាប់ខ្លួនជនសង្ស័យនោះ ។
សូមរំលឹកថា អំពើឃាតកម្មដ៏សាហាវ មួយបង្កឡើងដោយអតីតជាប្តីដែលបានលែងលះគ្នាជាយូរមកហើយនោះបានធ្វើ សកម្មភាពកាប់ប្រពន្ធស្លាប់រួចរត់ឡើងលើស្ពានអ្នកលឿង ហើយលោតសម្លាប់ខ្លួន ក្នុងទឹកទន្លេបាត់។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមផ្លូវក្បែរអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
អធិការនគរបាលស្រុកលើកដែកបានឲ្យដឹងថា នារីរងគ្រោះឈ្មោះទន់ ស្រីណយ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។ ចំណែកជនដៃដល់ឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដ កណ្ដាល ។
នគរបាលខេត្តកណ្តាលបានអះអាង ថា ក្រោយពេលធ្វើសកម្មភាពកាប់ជនរងគ្រោះរួចជនសង្ស័យបានជិះម៉ូតូឡើងស្ពានអ្នកលឿងរួចចតម៉ូតូហើយលោតចុះចូល ទន្លេបាត់ឈឹងមិនដឹងស្លាប់ឬរស់នោះទេ។ ប្រភពដដែលបន្ដថា ជនដៃដល់និងនារីរងគ្រោះជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែបានលែងលះគ្នាអស់ប្រមាណជាង២ខែកន្លងទៅហើយដោយសារជនដៃដល់ជាប្ដីតែងតែប្រើអំពើហិង្សាវាយដំធ្វើបាបទៅលើនារីរងគ្រោះ ញឹកញាប់ពេក ។
សមត្ថកិច្ចបញ្ជាក់ថា មុខពេលកើតហេតុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨អតីតប្តីបានណាត់ឲ្យនារីរងគ្រោះមកជួបនិយាយគ្នាតែនារីរងគ្រោះមិនទៅជួបតាមការណាត់នោះទេ។ លុះមកដល់វេលាម៉ោង២និង១៥ នាទីរសៀលស្រាប់តែជនដៃដល់បានយកកាំបិតផ្គាក់មកកាប់ទៅលើនារីរងគ្រោះ ចំកខណៈពេលនារីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។
ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់ឡើងលើស្ពានអ្នកលឿងហើយបានលោតទឹកសម្លាប់ខ្លួនបាត់ឈឹងតែម្តង ៕ ហេង សូរិយា