ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ឈុយ សៃអន Chui Sai on ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោក Chui Sai on បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា តំបន់រដ្ឋបាលពិសេសម៉ាកាវបានទទួលនូវការគាំទ្រពីរដ្ឋបាលថ្នាក់កណ្តាលដើម្បីបង្កើតតំបន់ទេសចរណ៍ និងអនុវត្តតាមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងន័យនេះលោកក៏បានឆ្លៀតជម្រុញតាមគោលនយោបាយនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ និងប្រទេសដ៏ទៃទៀត ដោយឡែកជាមួយនឹងកម្ពុជាតំបន់រដ្ឋបាលពិសេសម៉ាកាវបានចុះហត្ថលេខាលើអនុសារណៈនៃការចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាបកាលពីឆ្នាំទៅ ហើយក៏បានចុះអនុសារណៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែរ កាលពីម្សិលមិញនេះជាមួយក្រសួងការបរទេស។ លោកក៏បានជម្រាបជូនសម្តេចថានៅពេលនេះ ទំនាក់ទំនងរវាងតំបន់រដ្ឋបាលម៉ាកាវ និងកម្ពុជាកំពុងតែមានទំនាក់ទំនងល្អហើយចំនួនទេសចរណ៍មកកាន់កម្ពុជាក៏កំពុងមានកាន់តែច្រើនឡើងផងដែរ ក្នុងន័យនេះលោកក៏បានគោរពសុំអនុសាសន៍ពីសម្តេចតេជោ ដើម្បីធ្វើយ៉ាងណាជំរុញ ពង្រឹងពង្រីកិច្ចសហប្រតិបត្តិការរវាងតំបន់ម៉ាកាវ និងកម្ពុជា អោយកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើតតប សម្តេចតេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុសារណៈចងសម្ព័ន្ធមេត្រីភាពរវាងតំបន់ម៉ាកាវជាមួយនឹងខេត្តសៀមរាប។ សម្តេចបានមានប្រសាសន៍ថា នេះជាការល្អណាស់ដែលថ្នាក់កណ្តាលរបស់ប្រទេសចិនបានបង្កើតមជ្ឍមណ្ឌលទេសចរណ៍ផង ស្របទៅតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាន់មួយផង។ សម្តេចតេជោ បានមានប្រសាសន៍ថាតំន់សេដ្ឋកិច្ចពិសេសម៉ាកាវអាចជាតំន់ទេសចរណ៍ដ៏ធំ ដែលនេះជាចំនុចដែលយើងអាចជំរុញពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលពិសេសម៉ាកាវជាមួយកម្ពុជា។

កាលពីឆ្នាំ២០១៥ សម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ចនៅម៉ាកាវ ប៉ុន្តែពេលនោះពុំទាន់មានការហោះហើយត្រង់នៅឡើយទេ តែពេលនេះមានកាហោះហើរត្រង់ហើយ ហើយការហោះហើរត្រង់នេះកំពុងតែនាំនូវទេចរណ៍យ៉ាងច្រើនមិនត្រឹមតែកម្ពុជាទេ គឺកម្ពុជាទៅកាន់ម៉ាកាវក៏ច្រើនដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំអោយ លោក Chui Sai on ពិនិត្យមើលលើអ្វីដែលតំបន់រដ្ឋបាលពិសេសម៉ាកាវអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាយើងដូចជាតាមរយៈការវិនិយោគទុន ជំរុញទេសចរណ៍បន្ថែមទៀតមកកម្ពុជា និងជំរុញពិនិត្យលើការនាំចេញអង្ករដ៏ល្អរបស់កម្ពុជាទៅទៅនោះផងដែរ។ លោក Chui Sai on ត្រេកអររីករាយយល់ស្របនូវអ្វីដែល សម្តេចតេជោបានលើកឡើង ហើយលោកនឹងអនុវត្តន៍នាពេលបន្តបន្ទាប់ខាងមុខនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖