នៅក្នុងពេលស្បថឡើងកាន់តំណែងប្រធានាធិបតីរុស្ស៊ីរបស់លោកពូទីនប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បាន អបអរសាទរ ដល់លោកពូទីន ផងដែរ ។ លោកពូទីន ជាអ្នកនយោបាយដ៏រឹងមំា ដែលអាចទប់ទល់ រាល់សកម្មភាពរបស់ អាមេរិកបាន ។
លោកស្រី Sarah Sanders បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា “ដំបូង លោក ប្រធានាធិបតី ត្រាំ សូមអបអរសាទរលោក ពូទីន និងទន្ទឹងរង់ចាំពេលវេលា ដែល យើងអាចមានទំនាក់ទំនងល្អ ជាមួយរុស្ស៊ី” ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Sarah Sandersបានបន្ថែមថា ក្រុមបាតុករ ដែលបានដើរក្បួនតាមដងផ្លូវដើម្បីធ្វើបាតុកម្មជាថ្មីប្រឆាំងនឹងការឡើងកាន់តំណែង របស់លោកពូទីន គឺមានសិទិ្ធសម្តែងមតិ ដោយអហិង្សា។
ពិធីឡើងកាន់តំណែង របស់ប្រធានា ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែល ត្រូវបានជាប់ឆ្នោតជាថ្មីនោះ គឺបានប្រារព្ធធ្វើនៅវិមានក្រឹមឡាំង ដែលជាការចាប់ផ្តើមជាផ្លូវការនូវអាណត្តិប្រធានាធិបតីទីបួន របស់លោក ដែលនឹងមានរយៈពេល រហូត ដល់ឆ្នាំ២០២៤។
ការពិតភាពខ្លាំងនៃមេដឹកនាំរដ្ឋគ្រប់រូប អាស្រ័យលើប្រសិទ្ធភាពនៃការប្រើប្រាស់អំណាចរបស់បុគ្គលរូបនោះ សមិទ្ធផល ដែលសម្រេចបាន និងបូករួមទាំងកត្តា ផ្សេងៗ។ ប្រសិនបើយើងច្របាច់ហេតុ ផលទាំងអស់ខាងលើបញ្ចូលគ្នា វាអាច ពន្យល់បានកាន់តែច្បាស់ថា ហេតុអ្វីបាន ជាលោកប្រធានាធិបតី ពូទីន ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់កំពូល ក្នុងនាមជាបុគ្គលដ៏មានឥទ្ធិពលបែបនេះ។
ក្នុងពេលកាន់តំណែង លោកក៏បាន ផ្តល់នូវសមិទ្ធផលជាច្រើន ក្នុងនោះមាន ដូចជាបង្កើតច្បាប់ពន្ធដារដោយកាត់បន្ថយពន្ធផ្នែកប្រាក់ចំណូល ការបង្កើនការយក ចិត្តទុកដាក់ទៅលើវិស័យយោធា និង កំណែទម្រង់នយោបាយ។ មិនតែប៉ុណ្ណោះតាមរយៈគោលនយោបាយថាមពល របស់លោក ធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេស មហាអំណាចផ្នែកថាមពលនៅលើពិភព លោក។
ជាមួយគ្នានេះដែរ លោកបានបង្ហាញ ការគាំទ្រ និងជំរុញផ្នែកបច្ចេកវិទ្យាដូចជា កម្មវិធីនុយក្លេអ៊ែរ វិស័យការពារជាតិ ជាដើម។ លោកក៏បានចូលរួមចំណែកក្នុងការបង្កើនការវិនិយោគពីបរទេសផងដែរ។ ប៉ុន្តែថ្មីៗនេះការវិនិយោគពីបរទេសបាន ធ្លាក់ចុះ ២,៥ភាគរយ ដោយសារតែការ លូកដៃរបស់លោកចូលក្នុងវិបត្តិនៅអ៊ុយក្រែន។
មូលដ្ឋានគ្រឹះនៃប្រព័ន្ធដឹកនាំដែល លោក ពូទីន កសាងឡើង គឺជាគំនិតដែលគ្មានជម្រើសអ្វីផ្សេងមកជំនួសលោកបានឡើយ។ អនុប្រធានបុគ្គលិកដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេស រុស្ស៊ី ហ៊ានលើកឡើងថា «គ្មានលោក ពូទីន គ្មានរុស្ស៊ី»។
យើងអាចវាស់ស្ទង់អំណាច និងសមត្ថ ភាពរបស់មេដឹកនាំរូបនេះ ដោយការពិនិត្យ និងប្រៀបធៀបទៅលើស្ថានភាពរបស់រុស្ស៊ីពីមុន និងបច្ចុប្បន្ន។ កាលពីជាងរាប់រយ ឆ្នាំមុន ប្រទេសរុស្ស៊ីបានលិចលង់ក្នុងរបបរាជានិយម ការដួលរលំនៃរបបប្រជាធិប តេយ្យ ការធ្លាក់ដុនដាប និងបញ្ហាសង្គ្រាម លោកលើកទីពីរ ដែលក្នុងនោះប្រជាពល រដ្ឋរុស្ស៊ីជាង ១០លាននាក់ បានស្លាប់។ មិនតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីក៏ត្រូវបានញាំញីដោយរបបដ៏សាហាវរបស់ស្តាលីន ការ ដួលរលំនៃរបបកុម្មុយនីស្ត និងការបែក បាក់សហភាពសូវៀត។ កាន់តែហួសចិត្ត នោះគឺ ប្រទេសរុស្ស៊ីត្រូវរងការឈឺចាប់ ដោយសារអំពីពុករលួយ និងភាពវឹកវរក្រោមការដឹកនាំរបស់លោក Boris Yeltsin ដែល បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
ទោះបីជារុស្ស៊ី ត្រូវដួលស្ទើរងើបមុខមិន រួចក្តី ប៉ុន្តែក្រោមការដឹកនាំរបស់ប្រធានា ធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលបានស្វែង រកស្ថិរភាព ទស្សនវិស័យប្រកបដោយ ប្រជាប្រិយភាព ការបង្កើនស្តង់ដារស់នៅ របស់មនុស្ស ការបង្កើនការគោរពពីសំណាក់បណ្តាប្រទេសលើពិភពលោក ព្រមទាំង បង្កើតភាពលេចធ្លោសម្រាប់រុស្ស៊ីលើឆាកអន្តរជាតិ ដែលការគោរព និងការផ្តល់កិត្តិយសពីសំណាក់អន្តរជាតិ ពិតជាមានសារ សំខាន់ជាខ្លាំង។ ប្រទេស រុស្ស៊ីក្រោមការ ដឹកនាំរបស់បុរសដ៏មានឥទ្ធិពលរូបនេះ ទទួលបានមោទនភាពយ៉ាងធំធេង។
មិនតែប៉ុណ្ណោះ បុរសខ្លាំងរូបនេះបានយល់ច្បាស់អំពីភាពរងគ្រោះ នៃសង្គម បែបសេរី ការបែកបាក់ និងជម្លោះផ្ទៃក្នុង។ លោកក៏យល់ច្បាស់ផងដែរអំពីភាពផុយស្រួយនៃស្ថាប័នធំៗមួយចំនួនមានជា អាទិ៍៖ សហភាពអឺរ៉ុប និងគំនិតនៃការធ្វើ សមាហរណកម្មជាដើម។ លោក ពូទីន ជាមេដឹកនាំដែលអាចប្រើប្រាស់អំណាច ក្នុងនាមជាប្រធានាធិបតីប្រកបដោយប្រសិទ្ធភាព មិនសូវផ្តាច់ការ ឬគ្មានមេតា្ត និង ផ្តល់សេរីភាពច្រើន បើធៀបនឹងមេដឹក នាំមុនៗ។ ហេតុផលទាំងនេះអាចពន្យល់ បានថា ហេតុអ្វីបានជាលោក ពូទីន នៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាពលរដ្ឋ រុស្ស៊ី ទោះបីជាលោកធ្លាប់កាន់អំណាចយូរមកហើយក្តី។
បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតនៅ ប្រទេសរុស្ស៊ី នាខែមីនា ឆ្នាំ២០១៨ និង ការស្បថឡើងកាន់តំណែងជាផ្លូវការ នា ដើមសប្តាហ៍នេះ លោក វ្ល៉ាឌីមៀរ ពូទីន នៅតែអាចរក្សាតំណែងជាប្រធានាធិបតី រុស្ស៊ីដដែល ដោយមិនទាន់មានអ្នកណា អាចផ្ដួលលោកពីសង្វៀននយោបាយនេះបាននៅឡើយ បើទោះបីជាលោកធ្លាប់ កាន់អំណាចតាំងពីឆ្នាំ១៩៩៩ មកក៏ ដោយ។
យោងតាមមាត្រា ៨១ នៃរដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ីបានឱ្យដឹងថា ប្រធានាធិបតី គ្រប់រូប មិនអាចកាន់អំណាចច្រើនជាងពីរអាណត្តិជាប់គ្នាបានឡើយ។ ទាក់ទិននឹង ច្បាប់នេះ យើងអាចនឹងមានការភ័ន្តច្រឡំ និងចោទជាចម្ងល់ចំពោះករណីលោក ពូទីន ដោយសារយោងតាមប្រវត្តិសាស្ត្រ រុស្ស៊ីបានបញ្ជាក់ថា មេដឹកនាំកំពូលរូបនេះ កាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៩ មក ដល់បច្ចុប្បន្ន។
ជាការណ៍ពិតលោកពិតបានកាន់ អំណាចតាំងពីឆ្នាំ១៩៩៩មកមែន ដោយ គ្មានការឈប់សម្រាក ដោយគ្រាន់តែផ្លាស់ប្តូរតំណែងម្តងជានាយករដ្ឋមន្ត្រី និងម្តង ជាប្រធានាធិបតីប៉ុណ្ណោះ។ វាអាចចាត់ទុកជាភាពឈ្លាសវៃមួយរបស់លោក ពូទីន ដើម្បីអាចកាន់អំណាចបន្តបន្ទាប់ប្រកបដោយភាពស្របច្បាប់។
ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ លោក ពូទីន កាន់អំណាចជានាយករដ្ឋ មន្ត្រីរុស្ស៊ី ហើយនៅរវាងឆ្នាំ២០០០ ដល់ ឆ្នាំ២០០៤ និងពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៨ លោកបានកាន់អំណាចជាប្រធានាធិបតីពីរអាណត្តិជាប់គ្នា (កាលនោះ មួយអាណត្តិមានរយៈពេលតែបួនឆ្នាំ ប៉ុណ្ណោះ)។ ចំណែករវាងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១២ លោកបានកាន់តំណែងជា នាយករដ្ឋមន្ត្រីរុស្ស៊ីជាថ្មី ហើយចាប់ពី ឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ លោកបានកាន់តំណែងជាប្រធានាធិបតីវិញម្តងទៀត ដោយបច្ចុប្បន្នមួយអាណត្តិមានរយៈពេល ៦ ឆ្នាំ។ បន្ទាប់ពីភាពជោគជ័យជាថ្មីបុរសវ័យ ៦៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកជាបុរស ខ្លាំងប្រចាំប្រទេសរុស្ស៊ី ដោយសារលោកបានកាន់អំណាចពីរអាណត្តិជាប់គ្នាជាថ្មី៕ ម៉ែវ សាធី