ព័ត៌មានទាន់ហេតុការណ៍៖

ករណីពុលទឹកបានរីករាលដាលមកដល់ស្រុកកែវសីមាខេត្តមណ្ឌលគិរីហើយនាយប់ថ្ងៃទី៩ ខែឧសភា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ករណីពុលទឹកបានកើតរាលដាលឡើងមកដល់ ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីទៀតហើយ បណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ កំពុងរងនូវអការក្អូតចង្អោរ និងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល ។

ហេតុការណ៍ពុលទឹកនេះ បានរាលដាលមកដល់ភូមិខាងលើនាវេលាយប់ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។

បន្ទាមពីមានកើតហេតុនេះភ្លាមៗ លោកអភិបាលខេត្តបានបញ្ជាផ្ទាល់ទៅស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ចាត់កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញចេញអន្ដរាគមន៍ភ្លាមៗផងដែរ ដើម្បីបញ្ជូនពលរដ្ឋរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកស្នួលសង្គ្រោះអាយុជីវិតបន្ទាន់។

យោងតាមរបាយការណ៍ពីសមត្ថិច្ចបានបង្ហាញថា ពលរដ្ឋរងគ្រោះទាំងអស់មាន១៤នាក់ហើយ ក៏មានការជួយសង្គ្រោះបន្ទាន់ពុំមានប៉ះពាល់ដល់អាយុជីវិតនៅឡើយទេ។

ប្រជាពលរដ្ឋចំនួន៦នាក់មានអការធូរស្បើយហើយ និងអាចត្រឡប់ទៅគេហដ្ឋានវិញបាន។

ប្រជាពលរដ្ឋ៨នាក់ទៀតកំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកស្នួលខេត្តក្រចេះ។

ករណីពុលទឹកនេះ ប៉ុន្មានថ្ងៃមុន ក៏បានផ្ទុះឡើងផងដែរ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់ ។

លោកអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យមន្ទីរពេទ្យបង្អែកមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ចំនួន២គ្រឿង នៅកាន់ភូមិកើតហេតុដើម្បីត្រៀមសង្គ្រោះពលរដ្ឋភ្លាមៗផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖