ព័ត៌មានទាន់ហេតុការណ៍៖

ល្បីខ្លាំងណាស់ រថយន្តដឹកដីនៅខេត្តសៀមរាប ជាញយដងហើយបើកបុកគេហើយបើករត់យករួចខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកដីបើកក្នុងល្បឿនលឿន បុកម៉ូតូ បណ្តាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបើករថយន្ត គេចខ្លួនបាត់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រថយន្តបង្កត្រូវបានកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុថតបាន ខណៈកំពុងបើករត់គេច ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមការសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុពួកគាត់បានឃើញរថយន្តដឹកដីបើកបរក្នុងល្បឿនលឿន ដូចហោះ ហើយទៅបុកម៉ូតូជនរងគ្រោះ ខណៈបើកបរស្របទិសគ្នា ពីត្បូងទៅជើង បណ្តាលឲ្យរថយន្តកិនចំក្បាលបែកស្លាប់ម្ចាស់ម៉ូតូភ្លាមៗនៅហ្នឹងកន្លែង។

សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ លោក គង់ ប៊ឹប បានប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ រី ណារិន ភេទប្រុស មិនបានបញ្ជាក់អាយុ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានជិះម៉ូតូម្នាក់ឯងហើយរថយន្តបានបើកពីក្រោយស្របទិសគ្នាពីទិសត្បូងទៅទិសជើង ហើយរថយន្តក៏បុកកិនចំពីក្រោយបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងហើយ ធ្វើការវាស់វែង ធ្វើកំណត់ហេតុ។

ចំណែករថយន្តបង្ក ត្រូវបានកាំម៉េរ៉ាសុវត្ថិភាពថតជាប់ សកម្មភាពដែល រថយន្តបង្កនោះបើករត់គេច ហើយបានបង្ហាញថា រថយន្តនោះធុនកូរ៉េ ពណ៌ខៀវ ចង្កូតស្តាំ ថែមទៀតផង ។ តាមរយៈការថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពនេះ សមត្ថកិច្ចសង្ឃឹមថា១០០ភាគរយ និងស្រាវជ្រាវរកឃើញ ដើម្បីយកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ជូនជនរងគ្រោះឲ្យខាងតែបាន។

បច្ចុប្បន្ន ​សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងបើកការស្រាវជ្រាវរកជនបង្កអោយចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖